លោកម៉ែន វិបុល: វិស័យអចលនទ្រព្យក្នុងខេត្តស្វាយរៀងកំពុងបង្ហាញសក្តានុពលសម្រាប់ការវិនិយោគ

ដោយ: សាវុធ

ស្វាយរៀង: លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លីក្នុងខេត្តស្វាយរៀង ដែលកំពុងបង្ហាញសក្តានុពល។

លោកម៉ែន វិបុលបានថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅដ្ឋានរំដួលវ៉ៃគោ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លីក្នុងខេត្តស្វាយរៀង។

លោកបានបន្ថែមថា “ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ វាជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តក៏មានទីតាំង និងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមការយកចិត្តទុកដាក់របស់អភិបាលខេត្តស្វាយរៀង រាល់ការវិនិយោគវិស័យឯកជននានាឯកឧត្តមតែងផ្តល់ឪកាស និងទំនុកចិត្ត ដែលសបញ្ជាក់ឲ្យឃើញពីការរួមចំណែកជាមួយគោលគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលបានមួយកម្រិត ដូចជាបានផ្តល់នូវលំនៅឋានមានតំលៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ ។

តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តវិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋានដែលមានតំលៃទាប និងតំលៃមធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកធា រិនប្រធានគម្រោងវិនិយោគលំនៅដ្ឋានរំដួលវ៉ៃគោ បានឲ្យដឹងថា ខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែលមានច្រកទ្វារអន្តរជាតិបាវិតស្ថិតនៅចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមខេត្តខេត្តស្វាយរៀងហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទេសចរណ៍ ទំនិញចេញចូលរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាមជាពិសេសគឺក្រុងភ្នំពេញនិងជាក្រុងហូជីមិញ។
រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់។

លោកបានបន្ថែមថា វិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើងទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោកបានបញ្ជាក់ថា ទិសដៅវិនិយោគរបស់ក្រុមហ៊ុនគឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ បងប្អូនប្រជាជនក្នុងខេត្តនូវលំនៅឋានដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់នៅបែបសហគមន៍សម័យថ្មីលើកកម្ពស់សោភ័ណភាពទីក្រុងផ្ដល់ឱកាសចំណេញលើសក្តានុពលនៃគម្រោងនិងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here