ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងតាមដាននូវកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលរៀបចំឡើងនៅក្នុងប្រទេសអេស្ប៉ាញ ដោយផ្តោតលើបញ្ហាសន្តិសុខជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,១២ភាគរយ គិតត្រឹមម៉ោង១១:០៤នាទីព្រឹក។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុន បានផ្អាកការជួញដូរ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៨៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,២២ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,២៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៤ភាគរយ៕







