ដោយៈ ម៉ាណា
វៀតណាមៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកទិត រិទ្ធីពល បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមកម្មវិធីសន្និសីទស្តីពីការតភ្ជាប់សហគ្រាស ផលិតកម្ម ចែកចាយ និងភស្តុភាររវាងវៀតណាម និងកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងតានអាន ខេត្តតៃនិញ ប្រទេសវៀតណាម។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសវៀតណាម និងកម្ពុជា ដែលបានអនុវត្តកន្លងមក និងការលើកទិសដៅរួមគ្នា ដើម្បីជំរុញដល់ភាពជាដៃគូពាណិជ្ជកម្មរយៈពេលវែង។
សន្និសីទនេះ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ខេត្តជាប់ព្រំដែន និងក្រុមហ៊ុន/សហគ្រាសមួយចំនួនដែលប្រតិបត្តិការលើវិស័យផលិតកម្ម ការចែកចាយ ភស្តុភារ និងនាំចេញនាំចូលតាមច្រកព្រំដែននៃប្រទេសទាំងពីរ ជាច្រើនរូប។
ជាមួយគ្នានេះដែរ សន្និសីទនេះក៏មានរៀបចំឱ្យបណ្ដាក្រុមហ៊ុន/សហគ្រាសនៃប្រទេសទាំងពីរ ដាក់បង្ហាញផលិតផលនៅស្តង់របស់ខ្លួន ដែលអាចបង្កើតឱកាសដល់ធុរកិច្ចជន ក្នុងការស្វែងរកទីផ្សារ និងតភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ឬចែកចាយ៕








