ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា”។
សិក្ខាសាលានេះបានរៀបចំធ្វើនៅខេត្តកំពត ក្រោមអធិបតីភាពលោកសំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា។
សិក្ខាសាលានេះ សហការរៀបចំដោយរដ្ឋបាលខេត្តកំពត មន្ទីរពាណិជ្ជកម្មខេត្ត និងគម្រោង EU-German GATE និង EU-German CAPSAFE ដើម្បីប្រមូលធាតុចូលបន្ថែម ពីភាគីពាក់ព័ន្ធលើវិស័យម្រេច និងបន្តផ្សព្វផ្សាយដល់ថ្នាក់ក្រោមជាតិ ពីដំណើរការនៃការចាប់ផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាអធិបតីពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអភិបាលនៃគណៈអភិបាលខេត្ដកំពត មន្ទីរក្រោមឱវាទខេត្ត សមាគមសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា សមាគមលើកកម្ពស់ម្រេចកំពត ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំង៤ រួមមាន កំពត កែប តាកែវ និងកោះកុង។
គោលនយោបាយម្រេចកម្ពុជា គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ក្នុងការកំណត់ទិសដៅ ឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ និងជួយបង្កើនប្រាក់ចំណូលកសិករ នៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕











