ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការរៀបចំបង្គន់អនាម័យសម្រាប់សាធារណជន ប្រកបដោយស្ដង់ដា ផាសុកភាព និងរក្សាបាននូវបរិស្ថានស្រស់ស្អាត គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីរួមចំណែកក្នុងការបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តង់ដាបង្គន់សាធារណៈកម្ពុជាស្អាត និងផ្សព្វផ្សាយចលនាប្រឡងប្រណាំង “បង្គន់សាធារណៈកម្ពុជាស្អាតឆ្នាំ២០២៥-២០២៦” សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួល សុវត្ថិភាព ផាសុកភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ថ្លែងក្នុងឱកាសនាព្រឹកនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តនៅកម្ពុជា តាមរយៈការលើកកម្ពស់ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មទេសចរណ៍ជាប់ជាប្រចាំ។
ជាក់ស្ដែង ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលមិនត្រឹមតែចូលរួម ដល់ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់កិត្តិនាមកម្ពុជា និងឧត្តមភាពប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជា នៅក្នុងតំបន់ និងសកលលោក តាមរយៈការចូលរួមប្រកួតប្រជែង ដណ្ដើមជ័យលាភីស្ដង់ដាកម្រិតអន្តរជាតិ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការរៀបចំបង្គន់អនាម័យសាធារណៈ ប្រកបដោយស្ដង់ដានេះ គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់៖ ចំពោះអ្នកប្រើប្រាស់ ដែលជាសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ (ទទួលបានផាសុកភាព និងភាពងាយស្រួល), ចំពោះម្ចាស់អាជីវកម្ម (ទទួលបានអតិថិជនគាំទ្រ និងវាយតម្លៃការផ្ដល់សេវាកម្មល្អ), ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល (គឺការលើកកម្ពស់សុខុមាលភាពប្រជាជន និងបង្ហាញពីសេចក្ដីថ្លៃថ្នូរ ព្រមទាំង សីលធម៌ល្អ)។
ជាមួយគ្នានេះដែរ លោកហួត ហាក់ក៏បានជម្រាបជូនថា នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាព ដោយទទួលបានពានរង្វាន់ស្តង់ដា ទេសចរណ៍អាស៊ានចំនួន២០ ក្នុងនោះ កម្ពុជាក៏ទទួលបានពានរង្វាន់ស្តង់ដា បង្គន់សាធារណៈអាស៊ានចំនួន៥ ផងដែរ៕









