ដោយៈ ម៉ាណា
ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ និងជាប្រេសិតពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ រវាង កម្ពុជា និងសាធារណរដ្ឋបារាំង។
មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះគណៈប្រតិភូ ដែលបានធ្វើដំណើរមកកាន់កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
លោកបានរំលឹកឡើងវិញអំពីផ្លែផ្កា នៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានរៀបចំឡើង នាឱកាសដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសបារាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមករា ឆ្នាំ២០២៤ និងលទ្ធផលនៃជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ថែមពីនេះ លោកក៏បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំង ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ក្នុងដំណើរបើកទំព័រថ្មីនៃសហសម័យកម្ពុជា។ ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩៤មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីប្រទេសបារាំងសរុបចំនួន៤៤ ដែលមានទុនវិនិយោគ ប្រមាណ៣៨០លានដុល្លារអាម៉េរិក ហើយដែលសកម្មភាពវិនិយោគទាំងនោះ បានពាំនាំមកនូវបច្ចេកវិទ្យា ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍ និងស្មារតីសហគ្រិនភាពដល់កម្ពុជា។
ជាការឆ្លើយតប លោក François Corbin បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការរង និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា- បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ។
លោកប្រធានបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ស្របគ្នានេះ លោកប្រធាន និងគណៈប្រតិភូអមដំណើរក៏បានយកឱកាសនៃវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអំពីកាលានុវត្តភាពវិនិយោគលើវិស័យអាកាសចរណ៍ស៊ីវិល ភស្តុភារកម្ម ថាមពល និងបោះដុំ និងលក់រាយ៕










