ដោយៈ ម៉ាល័យ
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន តំណាងសមាគមថ្នាំជក់នៅកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមឧស្សាហកម្មយាន្តយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម ដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. សេចក្តីព្រាងសេចក្តីណែនាំស្តីពី កាតព្វកិច្ចបង់ពន្ធលើការផ្គត់ផ្គង់ទំនិញ ជាមួយនឹងទំនិញបន្ថែម ឬរង្វាន់ដែលផ្តល់ដោយសហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ២. សេចក្តីព្រាងសេចក្តីណែនាំស្តីពីកាតព្វកិច្ចបង់ពន្ធ សម្រាប់អ្នកជាប់ពន្ធតូចក្នុងវិស័យទេសចរណ៍។ ៣ សេចក្តីព្រាងប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីសម្រាប់ការអនុវត្តការកត់ត្រា គណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច ៤ អនុសាសន៍ស្តីពីកំណែទម្រង់ពន្ធគយ ពន្ធពិសេស រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








