សភាពាណិជ្ជកម្មបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀបចំ និងគ្រប់គ្រងព័ត៌មានអាជីវកម្ម”

ដោយៈ ម៉ាណា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀបចំ និងគ្រប់គ្រងព័ត៌មានអាជីវកម្ម”។

វគ្ពបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ ក្នុងការបង្កើនចំណេះដឹងបន្ថែម ទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីមូលដ្ឋានគ្រឹះក៏ដូចជាសារៈសំខាន់ ក្នុងការរៀបចំអាជីវកម្មឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់បង្កើតព័ត៌មានអាជីវកម្ម ក្នុងការទាក់ទាញអតិថិជន និងដៃគូអាជីវកម្មនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយសហគ្រិនខ្មែរ សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុនកូដីងហ្គេត ថេកណូឡូជី ឯ.ក។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate Technology និងលោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជាដើម។

តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ ពីលោក សុខ សុភមង្គល នាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology បានធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើសារៈសំខាន់ នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់អាជីវកម្ម មូលដ្ឋានគ្រឹះ និងសារៈសំខាន់ ក្នុងការរៀបចំព័ត៌មានអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI) សម្រាប់បង្កើ​តព័ត៌មានអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណក្រុមហ៊ុន ដើម្បីទាក់ទាញអតិថិជន និងដៃគូអាជីវកម្ម។

លោកបានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ម្ចាស់អាជីវកម្មនឹងយល់ដឹងបន្ថែម ពីការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ចងក្រងព័ត៌មានអាជីវម្មបានល្អ ដែលនឹងធ្វើឲ្យអាជីវកម្មរបស់ពួកគាត់នឹងមានការអភិវឌ្ឍបានល្អ លឿន និងប្រសិទ្ធភាព ហើយចាក់គ្រឹះបានរឹងមាំ។

លោកបញ្ជាក់ថា “ការប្រកបអាជីវកម្ម បើយើងមិនបានរៀបចំព័ត៌មានត្រឹមត្រូវទេ អាជីវកម្មភាគច្រើនគឺលក់តម្លៃ ប្រកួតប្រជែងលើតម្លៃ ហើយការប្រកួតប្រជែងលើតម្លៃនេះ មិនមែនជាយុទ្ធសាស្ត្រជោគ​ជ័យសម្រាប់អាជីវកម្មទេ តាមពិតអាជីវកម្ម ដែលបង្កើតមកនីមួយៗគឺលក់គុណតម្លៃ”។

ទន្ទឹមនឹងនេះដែរ លោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីនេះ ក្នុងការណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធី ក្នុងការស្នើសុំថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីពង្រឹងសមត្ថភាពបុគ្គិលិករបស់ខ្លួន ក្នុងទិសដៅរួមចំណែកជំរុញកំនើន​សេដ្ឋកិច្ចជាតិ និងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here