ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ បានទទួលជួបពិភាក្សាការងារពាក់ព័ន្ធយេនឌ័រ ជាមួយគណៈប្រតិភូស្ថានទូតអូស្ត្រាលី និងតំណាងដៃគូអភិវឌ្ឍន៍។
ក្នុងជំនួបពិភាក្សានេះធ្វើឡើងរបវាង លោកជំទាវ សេរី បូរាពេជ្រ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូស្ថានទូតអូស្ត្រាលី និងតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ រួមមានCAPRED និងGEDSI ដើម្បីសិក្សាអំពីកាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារយេនឌ័រនាពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីសមិទ្ធិផល នៃការងារបញ្ជ្រាបយេនឌ័រ នៅក្រសួងពាណិជ្ជកម្ម ក៏ដូចជាវឌ្ឍនភាពការងារ ដែលរួមមាន ការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០២៤-២០២៨ ដែលផ្តោតលើការអនុវត្តនយោបាយឆ្លើយតបនឹងយេនឌ័រ ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឌីជីថល ការបង្កើតបន្ទប់ទារកដ្ឋាន ដើម្បីផ្ដល់នូវបរិយាកាសអំណោយផលដល់ស្ត្រីរាជការ ដែលមានកូនតូចក្នុងបន្ទុក និងការគាំទ្រដល់ជនងាយរងគ្រោះនិងជនមានពិការភាពជាដើម។
ជាកិច្ចឆ្លើយតប ភាគីអូស្ត្រាលីបានបង្ហាញ ចំណាប់អារម្មណ៍ចំពោះទិសដៅវិជ្ជមាន នៃការងារបញ្រ្ជាបយេនឌ័រ នៅក្រសួងពាណិជ្ជកម្ម ជាពិសេសគឺការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីដែលជាម្ចាស់អាជីវកម្ម នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល។
បន្ថែមពីនេះ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានបង្ហាញពីឆន្ទៈក្នុងការពិនិត្យលទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការ លើកិច្ចការសិក្សាស្រាវជ្រាវ ការប្រមូលទិន្នន័យពាក់ព័ន្ធនឹងយេនឌ័រ និងការងាររៀបចំវគ្គបណ្ដុះបណ្ដាលឆ្លើយតប នឹងតម្រូវការជាក់ស្ដែង របស់សហគ្រិនជាស្ត្រីផងដែរ៕









