ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរបានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលទ្ធភាពដើម្បីទាញនៅឧស្សាហកម្ម ដែលជួយបំពេញបន្ថែមនៅខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងជាដើម។
ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្ដិទី៤ លើកទី២ស្ដីពី ការកំណត់ប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “បញ្ហាវិលជុំវិញរបស់បងប្អូនប្រជាពលករមកពីថៃ សម្រាប់ភាគីនិយោជកគិតថា វាជាចំណុចវិជ្ជមានសម្រាប់ខ្លួនទៅវិញទេ ដោយសារថានឹងមានកម្លាំងពលកម្មដែលកាន់តែច្រើនថែមទៀត ដើម្បីបម្រើការចូលទៅក្នុងវិស័យនេះ”។លោកបន្ថែមថា “ប៉ុន្តែអ្វីដែលយើងត្រូវគិតរួមគ្នា ថាតើត្រូវធ្វើម៉េចដើម្បីឱ្យឱកាសការងារមានកាន់តែច្រើនថែមទៀត។ សម្រាប់ទាំងយុវជនដែលដល់វ័យចូលធ្វើការហើយ អតីតប្រជាពលករ ដែលវិលត្រឡប់មកពីថៃ មានការទាមទារឱ្យធ្វើការរួមគ្នា ដើម្បីធ្វើយ៉ាងណាសម្រួលបរិយាកាសវិនិយោគសម្រួលថ្លៃដើមនៃការវិនិយោគ ឬក៏ផលិតនៅកម្ពុជានេះឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីមានលទ្ធភាពទាញគម្រោងវិនិយោគថ្មី ហើយអាចបង្កើតការងារ”។
ជាពិសេសគឺសង្ឃឹមថា កម្ពុជានឹងអាចលទ្ធភាពដើម្បីទាញនៅឧស្សាហកម្ម ដែលជួយបំពេញបន្ថែមនៅខ្សែចង្វាក់ផលិតកម្ម នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងជាដើម។
លោករដ្ឋមន្ត្រី ហេង សួរ បានបន្ដថា បច្ចុប្បន្ននេះក៏ត្រូវទទួលថាធ្វើយ៉ាងណា ឱ្យមានការផលិតវត្ថុធាតុដើមនៅប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។ ប៉ុន្តែដើម្បីប្រទេសដទៃ មកវាទាល់តែប្រទេសកម្ពុជា ត្រូវធ្វើការរួមគ្នាទាំងភាគីរាជរដ្ឋាភិបាល ក៏ត្រូវគិតអំពីគោលនយោបាយ និងកម្មវិធីដល់ការលើកទឹកចិត្តមុនកែទម្រង់មុតស្រួច។
លោករដ្ឋមន្ត្រី បានបន្ដទៀតថា ចំណែកភាគីនិយោជក ក៏ត្រូវគិតគូរពីការលើកកម្ពស់ ផលិតភាពហើយនិងការវិនិយោគបន្ថែម ទៅលើគ្រឿងសម្ភារៈហើយ និងចង្វាក់ផលិតកម្មរបស់ខ្លួន។ ចំណែកភាគីបងប្អូនកម្មករនិយោជិត ដែលតំណាងដោយសហជីពនេះ ក៏នឹងចូលរួមចំណែកតាមការមិនបង្កើនតម្លៃពលកម្មខ្ពស់ពេក ដែលអាចធ្វើឱ្យអ្នកវិនិយោគទៅប្រទេសផ្សេងទៀតដែរ។ ព្រោះថាបច្ចុប្បន្ននេះ ប្រទេសច្រើនណាស់ ដែលកំពុងតែរៀបចំគោលនយោបាយ ដើម្បីទាក់ទាញទុនវិនិយោគថ្មី បើសិនជារៀបចំទាន់ហើយមិនរួមគ្នាធ្វើទេ គឺអាចនិងបាត់បង់ឱកាសផងដែរ។
លោក ហេង សួរ បានបញ្ជាក់ថា “ពាក្យថា ការរួមគ្នាធ្វើនេះ វាមិនមែនជាភារកិច្ច ដែលជាបន្ទុកសម្រាប់តែនិយោគជក ជាបន្ទុកសម្រាប់តែបងប្អូនកម្មករ ឬមួយជាបន្ទុករបស់រដ្ឋាភិបាលនេះ គឺថាគ្រប់គ្នាត្រូវតែចូលរួមនៅក្នុងការធ្វើយ៉ាងណាឱ្យកម្ពុជា កាន់តែមានភាពទាក់ទាញ ហើយកាន់តែមានស្ថិរភាព នៅក្នុងការធានាបានគម្រោងវិនិយោគរបស់ប្រទេសដទៃនៅក្នុងប្រទេសកម្ពុជាផងដែរ”៕










