រយៈពេល២ទសវត្សរ៍ទំហំពាណិជ្ជកម្មកម្ពុជា ថៃកើនឡើងពី៣០០លានដល់៩ពាន់ លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល២ទសវត្សរ៍កម្ពុជា ថៃសម្រេចបានទំហំពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ជាក់ស្ដែងកាលពី២០ឆ្នាំមុនទំហំពាណិជ្ជកម្មកម្ពុជាថៃ មានត្រឹមតែប្រមាណ៣០០លានដុល្លារអាមេរិកប៉ុណ្ណោះ តែឆ្នាំកន្លែងភាគីទាំងពីរសម្រេចបាននូវទំហំពាណិជ្ជកម្មរហូតដល់៩ពាន់លានដុល្លារអាមេរិក ដែលជាកំណើនមួយខ្ពស់ក្នុងចំណោមចំណោមប្រទេសក្នុងតំបន់អាស៊ាន។

យោងតាមលិខិតរបស់លោកប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ទី ៧០នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ បានបង្ហាញថា ពាណិជ្ជកកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានកើនឡើងយ៉ាងលឿនគួរ ឱ្យកត់សម្គាល់ ពីប្រមាណ៣០០លានដុល្លារអាមេរិក កាលពី២០ឆ្នំាមុនមកជាង៩ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៩កន្លងទៅនេះ។

លិខិតរបស់លោកប្រាយុទ្ធ ច័ន្ទអូចាបានបន្តថា ការវិនិយោគរបស់ថៃ នៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដោយបានរួមចំណែកជាវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាស្របពេលដែលសេដ្ឋកិច្ចថៃ ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ពីកំលាំងពលកម្មនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រយុទ្ធច័ន្ធអូចាបានឱ្យដឹងថា យើងក៏បានទទួលនូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្ដែងចេញតាមរយៈស្ពានមិត្តភាពថៃ កម្ពុជា ( បានណងអៀន-ស្ទឹងបត់ ) ដែលតភ្ជាប់ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្ដារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃ និងកម្ពុជាក្នុងពេលឆាប់​ៗ ព្រមទាំងអាចរួមចំណែក ដល់លំហូរពាណិជ្ជកម្មប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀត ។

លោកស្រី ជីរ៉ាណាន់វង្សមង្គលពាណិជ្ជករថៃមួយរូបនៅកម្ពុជាបានឱ្យដឹងថា ពា​ណិជ្ជកម្មថៃ និងកម្ពុជាបានកើនឡើងជាបន្តបន្ទាប់បែបនេះ ដោយសារតែទំនាក់ទំនងការទូតល្អរវាងកម្ពុជា និងថៃ និងការបើកច្រកព្រំដែនថ្មីៗជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងប្រទេស។ មិនតែប៉ុណ្ណោះវិនិយោគិនថៃ ក៏បានចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here