ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ស្របពេលមានការរំពឹងទុកថា តម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកនឹងថយចុះ បន្ទាប់ពីរដូវក្តៅបិទបញ្ចប់ និងភាពមិនច្បាស់លាស់ទាក់ទងជាមួយនឹងលទ្ធភាពនៃការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសរុស្ស៊ី។
ក្រោយពេលប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារទៅលើស្ថានីយ Ust-Luga របស់រុស្ស៊ី នៅលើសមុទ្របាល់ទិក នោះការផលិតប្រេងឆៅប្រភេទ Urals របស់រុស្សុីនឹងត្រូវបានកាត់បន្ថយប្រហែល៥០ភាគរយក្នុងខែកញ្ញាមកនៅត្រឹម៣៥០.០០០បារ៉ែលក្នុងមួយថ្ងៃ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែតុលាបានធ្លាក់ចុះ៥០សេនមកនៅត្រឹម៦៨,១២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0126 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៤៥សេនមកនៅត្រឹម៦៤,១៥ដុល្លារក្នុងមួយបារ៉ែល៕







