ខេត្តស្វាយរៀង៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាមនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានរៀបចំ «ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងពាណិជ្ជករវៀតណាម» ក្នុងគោលបំណងដើម្បីស្វែងយល់គ្នាទៅវិញទៅមក ក្នុងការពង្រីកឱកាសវិនិយោគឲ្យបានកាន់ច្រើនបន្ថែមទៀត និងដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជករកម្ពុជា និងវៀតណាម តាមរយៈការផ្គូរផ្គង ចាប់ដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងដំណើរការពាណិជ្ជកម្ម ផលិតកម្ម និងការកែច្នៃ ក៏ដូចជាឱកាសពិសេសមួយក្នុងការដាក់បង្ហាញផលិតផលទៅវិញទៅមករវាងកម្ពុជា-វៀតណាម។
ជំនួបពាណិជ្ជកម្មខាងលើ ប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង លោក បួយ គ័ងហ៊ឹង អគ្គនាយករងទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាមនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តអានយ៉ាង អង្គភាពពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ វៀតណាម-កម្ពុជា ប្រមាណ ១៣០នាក់។
ឯកឧត្តម សុខា រ៉ាម បានសម្តែងការកោតសរសើរចំពោះសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម ដែលបានសហការរៀបចំឲ្យមានជំនួបដ៏មានសារៈសំខាន់នេះឡើងដើម្បីប្រាស្រ័យទាក់ទង និងស្វែងយល់គ្នារវាងពាណិជ្ជករនៃប្រទេសទាំងពីរ ដែលនឹងនាំទៅដល់ការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការសហការដើម្បីពង្រីកឱកាសវិនិយោគ ឲ្យបានកាន់តែមានភាពប្រទាក់ក្រឡាស៊ីចង្វាក់គ្នា និងទូលំទូលាយថែមទៀតជាពិសេសនៅក្នុងទឹកដីនៃខេត្តស្វាយរៀង។
ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានលើកឡើងថា ជំនួបពាណិជ្ជកម្មនេះ បានពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងកៀងគរការវិនិយោគ តាមរយៈការផ្គូរផ្គង ចាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ក្នុងដំណើរការពាណិជ្ជកម្ម ផលិតកម្ម និងការកែច្នៃ ក៏ដូចជាឱកាសពិសេសមួយក្នុងការដាក់បង្ហាញផលិតផលទៅវិញទៅមករវាងកម្ពុជា-វៀតណាម។
លោក បួយ គ័ងហ៊ឹង បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការសម្រាប់ភាគីកម្ពុជា-វៀតណាម ពិតជាមានសារៈសំខាន់ក្នុងការបង្រួបបង្រួមស៊ីជម្រៅលើគ្រប់វិស័យ និងនិរន្តរភាពរវាងប្រទេសទាំងពីរ ពោលគឺសហគ្រាសវៀតណាម និងសហគ្រាសក្នុងខេត្តស្វាយរៀង ដែលបានបង្ហាញពីនិន្នាការនៃការអភិវឌ្ឍន៍ និងឆ្លុះបញ្ចាំងពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ លោកសង្ឃឹមយ៉ាងមុតមាំថា ជំនួបពាណិជ្ជកម្មនេះ នឹងនាំមកនូវភាពវិជ្ជមានកាន់តែប្រសើរឡើង ក្នុងការចាប់ដៃគូររវាង ពាណិជ្ជករ អាជីវករ វៀតតណាម និងខេត្តស្វាយរៀងឱ្យកាន់តែរឹងមាំ និងទទួលបានជោគជ័យ។
ជំនួបពាណិជ្ជកម្មខាងលើនេះ បានគូសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ធុរកិច្ច និងជួយសម្រួលដល់ កិច្ចសហការអន្តរជាតិសម្រាប់វិស័យពាណិជ្ជកម្មនៅខេត្តស្វាយរៀង និងប្រទេសវៀតណាម។
រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង









