ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគបានពិចារណាអំពីទស្សនវិស័យនៃតម្រូវការប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ខណៈចុងបញ្ចប់នៃរដូវក្តៅក្នុងប្រទេសនេះខិតជិតមកដល់នៅខែកញ្ញាខាងមុខ។
យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក(EIA) បានរាយការណ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន២,៤លានបារ៉ែលកាលពីសប្តាហ៍មុន ដែលបង្ហាញពីភាពរឹងមាំនៃតម្រូវការ។
មនុស្សជាច្រើនចូលចិត្តបើកបរ និងដើរកំសាន្តនៅរដូវក្តៅ ដែលជានាំឱ្យការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើង។ ហេតុដូច្នេះ នៅពេលរដូវក្តៅបិទបញ្ចប់ តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកអាចនឹងថយចុះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣១សេនមកនៅត្រឹម៦៧,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0027 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៦សេនមកនៅត្រឹម៦៣,៧៩ដុល្លារក្នុងមួយបារ៉ែល៕







