មន្រ្តីជាន់ខ្ពស់លើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនលំដាប់ពិភពលោកមួយនៅអូស្រ្តាលី

ដោយៈ និស្ស័យ

    អូស្រ្តាលីៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយដៃគូគ្រប់គ្រងក្រុមហ៊ុន Blackrock Investment Management (Global Infrastructure Partners) ដឹកនាំដោយលោកAri Droga ដោយមានការចូលរួម ពីគណៈប្រតិភូអមដំណើររួមមានក្រសួង ស្ថាប័នកម្ពុជា និងផ្នែកឯកជនជាច្រើនរូប។

ក្នុងឱកាសនៃជំនួបកាលពីថ្ងៃទី២៥ សីហាកន្លងមកនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជាគឺជាទីតាំងគួរពិចារណា ជ្រើសទៅបណ្ដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ដែលបើកទូលាយ ក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះច្បាប់ស្តីពីវិនិយោគកម្ពុជា មានភាពបត់បែន និងអនុគ្រោះខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍ ឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្ត ដែលមានអំណោយផលខ្ពស់។

ក្នុងឱកាសនោះក្រុមហ៊ុន ក៏បានបង្ហាញឡើងអំពីបទពិសោ​ធន៍របស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអូស្ត្រាលី ដូចជាអាកាសយានដ្ឋាននៅទីក្រុងស៊ីដនី កំពង់ផែនៅទីក្រុងម៊ែលប៊ន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗផ្សេងទៀត នៅលើពិភពលោករួមមានចក្រភពអង់គ្លេសជាដើម។

ក្រុមហ៊ុនBlackrock Investment Management (Global Infrastructure Partners) គឺជាក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍លំដាប់ពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងញូវយ៉ក ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៨ ហើ​យបាន និងកំពុងពង្រីកប្រតិបត្តិការនៅជុំវិញពិភពលោក ដោយមានទ្រព្យសកម្មរាប់ពាន់លានដុល្លារ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here