ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ខេត្តយូណាន ប្រទេសចិន ជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”។
ដំណើរទស្សនកិច្ចនេះ បានចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ ដោយទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការអញ្ជើញរបស់ប្រតិភូនេះ មានការសម្របសម្រួលរៀបចំពីក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (Angkor International Airport Investment-AIAI) ក្រោមកិច្ចសហការជាមួយរដ្ឋបាល ប្រជាជនខេត្តយូណាន និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តយូណាន និងផ្នែកឯកជនទាំងពីរ ដើម្បីទាក់ទាញ និងជំរុញលំហូរភ្ញៀវទេសចរចិន ពិសេសពីខេត្តយូណាន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕








