ឥណ្ឌាចាប់ផ្តើមពង្រីកសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025”។

ពិធីសម្ភោធពិព៌ណនេះ មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម Vanlalvawna Bawilung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង និងមន្រ្តីពាក់ព័ន្ឋ រួមទាំងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌាជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្ថាតទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងនិងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ឡើងបានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះការជ្រើ​សយករាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិកា​រណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌា។

លោកជំទាវបានបញ្ជាក់ថា “ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ  ហើយក៏នឹងជួយបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នា លើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ ជាពិសេសលើប្រភេទផលិត​ផលសម្លៀកបំពាក់ សិប្បកម្ម ព្រំ គ្រឿងអលង្ការ សម្ភារៈតុបតែងផ្ទះ ប្រដាប់ប្រដាក្មេងលេង និងផលិតផលពិសេស “ភូមិមួយ ផលិតផលមួយ” របស់ឥណ្ឌា”។

លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាពិព័រណ៍ “BEST OF INDIA EXPO 2025” មិនត្រឹមតែជាការសារទរនូវឧត្តមភាពរបស់ប្រទេសឥណ្ឌាតែប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃអនាគតរួម​ ដែលកម្ពុជា និងឥណ្ឌាប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោ​ជន៍ឱ្យគ្នាទៅវិញទៅមក។

លោកជំទាវរដ្ឋមន្ត្រី រំពឹងថាពិព័រណ៍នេះ នឹងក្លាយជាវេទិកា ដើម្បីពង្រឹងការតភ្ជាប់អាជីវកម្ម ជំរុញសកម្មភាពពាណិជ្ជកម្ម និងវប្បធម៌នៃភាពជាដៃគូដោយផ្អែកលើស្មារតីជឿជាក់គ្នា និង និងសហការគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here