ដោយៈ ម៉ាល័យ
ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកបានក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៥ មានចំនួនជាង២៧លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ PPAP
សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែនេះ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) ឱ្យដឹងទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ PPAP រកចំណូលបានសរុបជិត២៧,២២ លានដុល្លារ កើនឡើង១៩,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលមានប្រមាណ២២,៧៥ លានដុល្លារ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានឲ្យដឹងថា ភាពមមាញឹកនៃការធ្វើពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេស បានធ្វើឱ្យបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជាបន្តបន្ទាប់។
លោកបន្តថា ចំនួននេះនឹងកើនឡើងថែមទៀត ខណៈទំនិញកម្ពុជាទទួលបានការបញ្ជាទិញ កាន់តែច្រើនពីទីផ្សារអន្តរជាតិ។ លោកបានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលអាជ្ញាធរកម្ពុជាកំពុងសាងសង់នាពេលនេះ នឹងក្លាយជាចំណែកដ៏សំខាន់ ក្នុងការជួយធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញកាន់តែមានភាពមមាញឹក។
លោកនិយាយថា “កំណើនទិន្នផលកសិកម្ម និងផលិតផលផ្សេងទៀតពីបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា កំពុងជំរុញឱ្យសកម្មភាពដឹកជញ្ជូនទំនិញ ពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដឹកទំនិញចេញទៅទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាប់”។ លោកបន្ថែមថា “ជាទូទៅការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺបានបរិមាណច្រើន និងមានតម្លៃទាប ជាងតាមមធ្យោបាយតាមផ្លូវគោក និងផ្លូវអាកាស”។
បច្ចុប្បន្នកំពង់ផែស្វយ័តភ្នំពេញ មានចំណតផែ និងចំណតផែរណបតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាបជាមួយនឹងរចនាសម្ព័ន្ធបណ្តាញដឹកជញ្ជូនដ៏ល្អ ដែលតភ្ជាប់កំពងផែទៅកាន់ផ្លូវគោកចំនួន ៧ រួមមាន កំពង់ផែកុងតឺន័រ LM17 ខេត្តកណ្តាល។ ចំណតផែអ្នកដំណើរនិងទេសចរណ៍TS1 រាជធានីភ្នំពេញជាដើម៕








