ក្រុមហ៊ុនម៉ាឡេស៊ីធំមួយត្រៀមយុទ្ធសាស្ត្រថ្មីវាយលុកទីផ្សារកម្ពុជា បន្ទាប់ពីទទួលបានសិទ្ធិបើកធនាគារថ្មីមួយនៅទីនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការយល់ព្រមក្នុងការបង្កើតធនាគារពាណិជ្ជកម្មនៅកម្ពុជា ក្រុមហ៊ុន G Capital Bhd របស់ប្រទេសម៉ាឡេស៊ីកំពុងរៀបចំផែនការរួចហើយ ដើម្បីបង្ហាញវត្តមានដ៏សំខាន់នៅក្នុងប្រទេសនេះ ខណៈធនាគារនេះគ្រោងចុះបញ្ជីផ្សារមូលបត្រកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ក្រុមហ៊ុននឹងមានជំនាញផ្នែកធនាគារលោក Phan Ying Tong ដើម្បីដាក់ចេញមូលដ្ឋានគ្រឹះ និងយុទ្ធសាស្ត្រក្នុងការជ្រៀតចូលក្នុងវិស័យធនាគារនៅកម្ពុជា ហើយលោក Phan នឹងស្ថិតក្នុងក្រុមគ្រប់គ្រងធនាគារថ្មីនេះដែរ។
ក្រុមហ៊ុន G Capital នឹងមានភាគហ៊ុនអប្បបរមា ២០ ភាគរយនៅក្នុងការបណ្តាក់ទុនធនាគារនេះ។

កាលពីថ្ងៃទី៨ ខែធ្នូ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយលោក Phan និងក្រុមហ៊ុន ES Packaging Co Ltd (Cambodia) ដើម្បីរួមគ្នាបង្កើតធនាគារថ្មីមួយដែលមានឈ្មោះថា Oriental Bank Plc នៅកម្ពុជា។
លោក Phan បានប្រាប់សារព័ត៌មាន The Star ថា ធនាគារ ដែលមានគោលដៅចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំក្រោយ នឹងជាធនាគារបែបឌីជីថល និងទំនើប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “នេះគឺជាយុទ្ធសាស្ត្រដើម្បីដណ្តើមចំណែកទីផ្សាររបស់អ្នកប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាអ្នកដែលចូលចិត្តបទពិសោធធនាគាទំនើបៗ។ លើសពីនេះទៀត ការសិក្សាបានរកឃើញថា ការផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើដំណោះស្រាយឌីជីថលនឹងជួយបង្កើនប្រាក់ចំណេញរបស់ធនាគារ តម្លៃ ភាពងាយស្រួល គុណភាពមុខងារ និងគុណភាពសេវាកម្ម”។

លោកបានថ្លែងថា “ការច្នៃប្រឌិតធនាគារឌីជីថលមានសារៈសំខាន់ក្នុងការកែលម្អបទពិសោធន៍អតិថិជន ការពេញចិត្ត និងភាពស្មោះត្រង់ ក៏ដូចជាលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។ ដើម្បីឲ្យធនាគារនៅតែមានការប្រកួតប្រជែង យើងត្រូវឆ្លើយតប និងគ្រប់គ្រងស្ថានភាព ដែលកំពុងតែប្រែប្រួល ជាពិសេសជាមួយនឹងការវិវត្តលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ”។

លោក Phan បានបន្ថែមថា ក្នុងនាមជាធនាគារដែលទើបបង្កើតថ្មី លោកមិនប្រើប្រាស់បច្ចេកវិទ្យាចាស់ ដែលជាធម្មតាយឺត និងមិនរអាក់រអួលនោះទេប៉ុន្តែផ្ទុយទៅវិញធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម ផលិតផល និងសេវាកម្ម បច្ចេកវិទ្យាដូចជា blockchain និង fintech។

លោកមានប្រសាសន៍ថា អតិថិជនសព្វថ្ងៃមានចំណេះដឹងច្រើន ហើយតម្រូវការរបស់ពួកគេសម្រាប់សេវាកម្មហិរញ្ញវត្ថុក៏មានភាពទំនើប និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ យើងជឿជាក់ថា ឥឡូវនេះវាគឺជាពេលវេលាដ៏ល្អឥតខ្ចោះនៃការរួមបញ្ចូលរបស់យើងជាមួយយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលមានចំណេះដឹង និងទំនើបជាងមុន។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត Ali Ali នាយកប្រតិបត្តិក្រុមហ៊ុន G Capital បាននិយាយថា ជាមួយនឹងភាគហ៊ុនយ៉ាងតិច ២០ ភាគរយនៅក្នុងក្រុមហ៊ុន Oriental Bank Plc ក្រុមហ៊ុនកំពុងតែសម្លឹងតម្លៃបន្ថែមនៃការវិនិយោគរបស់ខ្លួនតាមរយៈការចុះបញ្ជីធនាគារនៅផ្សារមូលបត្រកម្ពុជា។ ទោះយ៉ាងណា លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន G Capital នឹងនៅតែជាវិនិយោគិនដ៏សំខាន់មួយនៅក្នុងធនាគារដដែល ខណៈដែលខ្លួនគ្រោងនឹងរក្សាវត្តមានរបស់ខ្លួននៅក្នុងវិស័យធនាគារ ដែលកំពុងរីកចម្រើននៅកម្ពុជា។

ទាក់ទងនឹងការចុះបញ្ជីនេះ លោក Phan បានមានប្រសាសន៍ថា “យើងមានគម្រោងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ឬផ្សារភាគហ៊ុនផ្សេងទៀត”។
លោកបានបន្តទៀតថា “យើងនឹងស្វែងរកពេលវេលាល្អឥតខ្ចោះ ដើម្បីចុះបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាលើកត្តាជាច្រើន រួមមានវឌ្ឍនភាពនៃអាជីវកម្ម”។
លោកបានឱ្យដឹងទៀតថា “សម្រាប់ពេលនេះ ការកំណត់ពេលវេលារបស់យើងក្នុងការចុះបញ្ជីគឺប្រហែលប្រាំឆ្នាំ បន្ទាប់ពីការចាប់ផ្តើមអាជីវកម្មនេះ”៕ The Star

LEAVE A REPLY

Please enter your comment!
Please enter your name here