ធនាគារកណ្ដាលថៃព្យាករថា GDP របស់ថៃនឹងមានកំណើនត្រឹមតែ ៣,២% ក្នុងឆ្នាំ២០២១

ដោយ: សុខុម

បាងកក: ជាមួយភាពមិនប្រាកដប្រជា និងហានិភ័យធ្លាក់ចុះ ធនាគារថៃ (Bank of Thailand) បានទម្លាក់ការព្យាករអំពីកំណើន GDP (ផលិតផលក្នុងស្រុកសរុប) របស់ប្រទេសថៃ សម្រាប់ឆ្នាំ២០២១ ចំនួន ០,៤% ដែលភាគច្រើនបណ្ដាលមកពីវិស័យទេសចរណ៍យូរងើបឡើងវិញ។ នេះបើយោងកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

លោក Titanun Mallikamas លេខាធិការនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (Monetary Policy Committee) នៃប្រទេសថៃ បានគូសបញ្ជាក់ថា កំណើន GDP របស់ប្រទេសនេះត្រូវបានទម្លាក់មកនៅត្រឹម ៣,២% ពីចំនួន ៣,6% ដែលត្រូវបានព្យាករមុននេះ ខណៈផលប៉ះពាល់នៃការផ្ទុះវីរុសកូវីដ-១៩ ដ៏អូសបន្លាយនៅបរទេស និងការផ្ទុះកូវីដ១៩ ជាថ្មីនៅក្នុងប្រទេសថៃ ទំនងជាធ្វើឱ្យវិស័យទេសចរណ៍យូរងើបឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះព្យាករថា ប្រទេសថៃ នឹងទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,៥ លាននាក់ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះពីការព្យាករមុននេះចំនួន ៩ លាននាក់។

លោក Titanun Mallikamas លើកឡើងថា ទោះបីជាមានការវិវឌ្ឍជាវិជ្ជមាននៅក្នុងដំណើរការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ក្ដី ក៏ការចែកចាយវ៉ាក់សាំងត្រូវបានរំពឹងថានៅមានកម្រិត។

ធនាគារកណ្ដាលនេះព្យាករថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងបណ្ដាសេដ្ឋកិច្ចជឿនលឿននឹងគ្របដណ្ដប់បាន ៣០% នៃប្រជាជនសរុបក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ ខណៈការចាក់វ៉ាក់សាំងក្នុងបណ្ដាប្រទេសសំខាន់ៗដែលអំណោយផលសម្រាប់វិស័យទេសចរណ៍ថៃ នឹងគ្របដណ្ដប់បាន ៣០% នៃប្រជាជនសរុបក្នុងត្រីមាសទី៣។

លោកបានបន្ថែមថា “សម្រាប់ប្រទេសថៃ ការចាក់វ៉ាក់សាំងត្រូវបានព្យាករថានឹងគ្របដណ្ដប់បាន ២០% នៃប្រជាជនសរុបក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១។ ប្រទេសភាគច្រើនរួមទាំងថៃ ផង នឹងទទួលបានវ៉ាក់សាំងដែលគ្របដណ្ដប់ពី ៦០% ទៅ ៧០% នៃប្រជាជនសរុបក្នុងឆមាសទី២ នៃឆ្នាំ២០២២”។

លោកបានគូសបញ្ជាក់ថា ក្រោមសេណារីយ៉ូនេះ ប្រទេសថៃ ត្រូវបានរំពឹងថានឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីឆមាសទី២ នៃឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here