ដោយៈ ចំណាន
ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ជ” ផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានវត្តមាន លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមពី តំណាងសមាគមផលិតផលធ្វើដំណើរពីស្បែកកម្ពុជា, តំណាងសហព័ន្ធនយោជិក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) តំណាងសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ នាពេលខាងមុខនេះ។ កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកទី២នៃឆ្នាំ២០២៥ នេះផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាលម្អិត និងពិនិត្យលើបញ្ហាប្រឈម ដូចជា ១.ការឈប់សម្រាកឈឺរយៈពេលវែង ២.ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ៤.ការចុះទិដ្ឋាការចូល-ចេញ ៥.ការត្រួតពិនិត្យឯកសារសហគ្រាស និងការកែតម្រូវ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕









