ក្រុមហ៊ុនផលិតម៉ូតូធំមួយរបស់ម៉ាឡេស៊ីគ្រោងបើករផងចក្រដំឡើង ម៉ូតូម៉ាក Yamaha នៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមហ៊ុន Hong Leong Yamaha Motor Co.,បានប្រកាសពីការបើករោងចក្រដំឡើងម៉ូតូម៉ាកYamahaនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ដោយមានការសម្របសម្រួល ពីសភាពាណិជ្ជកម្មម៉ាទ្បេស៊ីប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group មានសកម្មភាពអាជីវកម្ម ក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ កម្មន្តសាល ការអភិវឌ្ឍអចលនទ្រព្យ បដិសណ្ឋារកិច្ច-ល-។

ក្រុមហ៊ុន Hong Leong Group ដោយមានការជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣។ នៅពេលនេះ ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។

លោកអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុនបានដឹកនាំ គណៈប្រតិភូមកទស្សនកិច្ច នៅកម្ពុជានាពេលនេះ ដើម្បីសិក្សាបន្ថែមពីបរិស្ថានវិនិយោគ។

លោកអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពគម្រោងផ្គុំដំទ្បើង ទោចក្រយានយន្តមួយចំនួន ដែលកំពុងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្ត ដល់គម្រោ​ងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។

លោកក៏បានជម្រាបជូនគណៈប្រតិភូ ពីសក្តានុពលវិនិយោគ ក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម, ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនី ដែលជាកន្សោមឧស្សាហកម្ម ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិមផងដែរ ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបណ្តាក់ទុនវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here