ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានថយចុះលើសការរំពឹងទុក។ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគនៅតែមានការព្រួយបារម្ភចំពោះអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១២សេន ឬ០,២ភាគរយដល់៦៧,៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0030 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង២០សេន ឬ០,៣ភាគរយដល់៦៥,១២ដុល្លារក្នុងមួយបារ៉ែល។
យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៥,៨លានបារ៉ែលក្នុងសប្តាហ៍មុន ដោយលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់កាសែត Reuters ថា នឹងធ្លាក់ចុះត្រឹមតែ៧៩៧.០០០បារ៉ែល៕