ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្រ្តីទី១នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street។
លោកក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street”ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំង និងមន្ទីរពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងជោគជ័យ។
“Chaktomuk Walk Street” នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ផ្លូវថ្មើរជើង ដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញ ជាការផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមចក្ខុវិស័យប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់វិសាលភាព នៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើន កន្លែងសំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកំសាន្តនាចុងសប្តាហ៍។
នាឱកាសនោះលោក ឃួង ស្រេង បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ក្រោយពីបានបើកឱ្យដំណើរការ ជាបណ្តោះអាសន្នជាង៥ខែនេះ បានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។
លោកឃួង ស្រេង ក៏បានរំលឹកទៀតថា ពិធីសម្ពោធជាផ្លូវការ “ផ្លូវថ្មើរជើងចតុមុខ” នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាល ជាច្រើនកន្លែងហើយត្រូវដាក់កងកំលាំង ដើរល្បាតជាមួយការធ្វើរដ្ឋបាល។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា នៅក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងខាងលើ នាថ្ងៃទី២១ មិថុនានោះដែរ នៅលើផ្លូវថ្មើរជើងនេះ ត្រូវបានបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្ត និងម៉ូតូតាំងពីវេលាម៉ោង២៖៣០នាទីរសៀលតទៅ តែសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះ អាចបន្តធ្វើដំណើរជាបន្តបន្ទាប់បាន ដូចជារៀងរាល់សប្ដាហ៍កន្លងទៅដដែល តែយើងមានកន្លែងត្រួតពិនិត្យ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងថា យើងត្រូវបន្តធ្វើឱ្យបានជោគជ័យបន្តទៀត ក្នុងការការពារសន្តិសុខ សុវត្ថិភាព នាថ្ងៃសម្ភោធផ្លូវថ្មើរជើង នាពេលខាងមុខ ពីព្រោះរដ្ឋបាលរាជធានីភ្នំពេញ ទើបទទួលបានជោគជ័យ ក្នុងការថែរក្សាការពារសន្តិសុខ សុវ្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈបានល្អ១០០ភាគរយ ក្នុងព្រឹត្តិការណ៍មហាសាមគ្គីជាតិរួមគ្នា ធ្វើដំណើរថ្មើរជើង “Solidarity March” មានការចូលរួមប្រមាណ១៥ម៉ឺននាក់ កាលពីថ្ងៃ១៨ មិថុនា ម្សិលមិញនេះ បានបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street” នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី GALAXY អ្នកឧកញ៉ាឡេងណាវាត្រា ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ពិសេសមានការសម្ដែងល្ខោនបាសាក់ របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ មានរៀបចំ តូប-ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងទៀត គឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសម៉ាឡេស៊ី និងស្តង់ម្ហូបអាហាររបស់ឥណ្ឌាផងដែរ។
ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕