លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥ សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវ​ជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានខេមអេដ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកបណ្ឌិតប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានខេមអេដ លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរពាណិជ្ជកម្មទាំង២៥រាជធានី-ខេត្ត និងមន្ត្រីក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍របស់អាមេរិកស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងសេចក្តីព្រាងនៃច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម កិច្ចការពារព័ត៌មានសម្ងាត់អាជីវកម្មដែលមានតម្លៃសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញថា បច្ចុប្បន្ននេះកម្ពុជាមានលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងលើវិស័យកម្មសិទ្ធិបញ្ញាធំៗរួមមាន៖ ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូឌែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសុខភាពសាធារណៈ និងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាដើម។ បន្ថែមពីលើច្បាប់ជាធរមាន ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានរៀបចំគោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យប្រើប្រាស់នាឆ្នាំ២០២៣ ដែលជាគោលនយោបាយតម្រង់ផ្លូវដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមអនុវត្ត និងជំរុញវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

លោកជំទាវបានបន្ថែមថា កម្ពុជានៅពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) គឺតម្រូវឱ្យកម្ពុជារៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ស្របតាមអង្គការ WTO នោះ ដូច្នេះ ច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាមួយចំនួនទៀតបាននិងកំពុងរៀបចំផងដែរ ជាពិសេសគឺ ច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មបានសហការរៀបចំជាមួយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយបានបញ្ចប់ការពិនិត្យ និងផ្តល់ធាតុចូលដោយសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងនាយកដ្ឋាននីតិកម្មរបស់ក្រសួងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here