សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែបន្ដជំរុញកិច្ចអភិវឌ្ឍន៍ដោយមិនដកដៃ, ដើម្បីបន្ដអភិវឌ្ឍន៍ ត្រូវរក្សាឲ្យបាននូវសុខសន្ដិភាព

(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដជំរុញកិច្ចអភិវឌ្ឍន៍ដោយមិនដកដៃ ហើយដើម្បីបន្ដកិច្ចអភិវឌ្ឍន៍នេះ ត្រូវតែរក្សាឲ្យបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ជាក់ស្ដែងដូចជា ខេត្តរតនគិរី ជាង២០ឆ្នាំមកនេះ បានប្រែក្លាយពីខេត្តគ្មានការអភិវឌ្ឍ ទៅជាខេត្តមានការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «រតនគិរី ពីខេត្តមួយដែលដាច់ស្រយាលសឹងតែអត់មានអីទាំងអស់ ២០ឆ្នាំមុន ទៅជាខេត្តដែលមានលក្ខណៈ មានមូលដ្ឋានរីកចម្រើន គួរសម យើងនៅតែបន្តតទៅទៀត ប៉ុន្តែមូលដ្ឋានសំខាន់ សូមធ្វើយ៉ាងណាថែរក្សានូវសុខសន្តិភាព ការឯកភាពជាតិ ស្ថិរភាពក្នុងសង្គមរបស់យើង និងខេត្តរបស់យើង»

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទឹកដីរបស់ប្រទេសកម្ពុជា នឹងបន្តថែរក្សា អភិវឌ្ឍន៍ដោយកូនខ្មែរ ជាពិសេសនឹងខិតខំកិច្ចអភិវឌ្ឍន៍ឲ្យបានរីកចម្រើន លើគ្រប់វិស័យទាំងអស់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដោយលើកកម្ពស់ជីវភាពរស់នៅ និងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ប្រជាពលរដ្ឋទាំងអស់ផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាសហការជំរុញប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ។ ទន្ទឹមនេះ សម្ដេចបានស្នើដល់អភិបាលខេត្តទាំង៤នៃខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សូមរួមគ្នាសហការប្រែក្លាយខេត្តទាំងនោះទៅជាប៉ូលសេដ្ឋកិច្ចទី៥ របស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋ នៅតាមបណ្ដាខេត្តភាគឦសាន ដែលបានចេញមុខការពារសន្តិភាព និងបង្ហាញសច្ចភាព អំឡុងពេលគេញុះញង់រឿង CLV កាលពីពេលកន្លងទៅ។

លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ នៃគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត បន្តសហការ ដើម្បីលើកស្ទួយវិស័យអប់រំឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្ដល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ពោលគឺការរក្សាឲ្យបាននូវធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here