កម្ពុជា អាមរិកកំណត់ពេលវេលាជាក់លាក់លើការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មទាក់ទងពន្ឋគយ

ដោយៈ ម៉ាណា

    ភ្នំពេញៈ កម្ពុជា​នឹង​ទទួល​បាន​ផល​​វិជ្ជមាន ​ពី​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន របស់​សហរដ្ឋអាមេរិក នា​ថ្ងៃទី១៤-១៥ ខែ​ឧសភា ឆ្នាំ២០២៥ ខាង​មុខ។

កាលពីនា​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញ​​​សេចក្ដីប្រកាសព័ត៌មានមួយ ​ដោយ​​លើក​ឡើង​​ថា នាព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) លោកស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និងវិនិយោគទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក បានជួបប្រជុំទ្វេភាគី​តាមប្រព័ន្ធវីដេអូ ជាមួយនឹង​​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែល​ដឹកនាំដោយ លោកស្រី Sarah Ellerman អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា “​រាជរដ្ឋាភិបាលដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹង​បន្ត​ធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត”។

​អនុប្រធានសភាពាណិជ្ជកម្ពុជា-ចិន លោក ឡោ វិចិត្រ ជឿជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាកំពុង​បង្ហាញ​ពី​​ឆន្ទៈ ​ក្នុងការ​​សម្របសម្រួលពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការបង្កើនកិច្ចខិតខំ​​​​ទិញ​ទំនិញពីអាមេរិក​ឱ្យបាន​កាន់​តែ​ច្រើន ក៏​ដូច​ជា​ការ​សន្យា​កាត់បន្ថយ​​អត្រាពន្ធគយ​​ ក្នុងអត្រាណាមួយ​តាមលទ្ធភាពរបស់​រដ្ឋាភិបាល​។​

លោកបន្ថែមថា “បើការ​ចរចារវាងកម្ពុជា និងសហរដ្ឋ​អាមេរិក​ ទទួលបាន​លទ្ធផល​ជាវិជ្ជមាន គឺ​ប្រាកដ​ណាស់​ថា​ទំនិញផលិតនៅកម្ពុជា នឹងកាន់តែមានទីផ្សារ​ធំទូលាយនៅ​សហរដ្ឋអាមេរិក​”។ លោកបន្ថែមថា “បច្ចុប្បន្ន​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ជាពិសេស​ផលិតផលសម្លៀក​បំពាក់ ស្បែកជើង កាបូបធ្វើ​ដំ​ណើរ កង់ សំបកកង់​រថយន្ត និងផលិតផលកសិកម្មមួយចំនួន​ទៀត”។

លោកបានបន្តថា ដោយសារ​​កម្ពុជា​មានតម្លៃពលកម្ម ប្រកួតប្រជែងខ្លាំង ដូច្នេះ​ប្រសិន​បើ​អាមេរិក ​បន្ធូរបន្ថយពន្ធនាំចូល​សម្រាប់​ផលិតផលរបស់​យើង គឺ​នឹងមាន​ទំនិញ​កាន់​តែ​ច្រើន​​រត់​​ចូលទីផ្សារ​អាមេរិក​​។ ទោះ​យ៉ាង​ណា កម្ពុជា​ក៏​មាន​ភាព​ចាំបាច់ ​ក្នុង​ការ​បង្កើត​ការ​បញ្ជា​ទិញ​ទំនិញ​ផលិត​នៅ​អាមេរិក​ផងដែរ​។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានបង្ហាញថា ក្នុង​ឆ្នាំ២០២៤ កម្ពុជា-អាមេរិកសម្រេចបានទំហំពាណិជ្ជកម្ម ១០,១៨ ពាន់លានដុល្លារ កើនឡើង១១,២ភាគរយ​​ក្នុងនោះ​កម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ៩,៩ពាន់លានដុល្លារ កើនឡើង១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤លានដុល្លារ។

រដ្ឋបាល​សហរដ្ឋ​អាមេរិក ​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ Donald J. Trump កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា(ម៉ោង​នៅ​សហរដ្ឋអាមេរិក) បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​គយ​ សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ស្ទើ​រគ្រប់​ប្រទេស​​​ ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៥ ត​ទៅ។ ទោះយ៉ាង​ណា ​នៅ​ពេល​កាល​បរិច្ឆេទចូល​មក​ដល់ លោក​ Donald J. Trump ក៏​បាន​សម្រេច​​ពន្យារ​ពេល​ចំនួន ៩០​ថ្ងៃ​ ដើម្បី​បើក​ឱកាស​ឱ្យ​ប្រទេស​នីមួយៗ ​​​ជួប​ចរចា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​

កម្ពុជា​​ត្រូវ​បាន​សហរដ្ឋអាមេរិក ​​កំណត់​យក​ពន្ធ​​ទំនិញ​ក្នុង​អត្រា ៤៩​ភាគរយ ​ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ាន​​។ ការ​កំណត់​អត្រា​ពន្ធ​ថ្មី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ ​ចំនួន​ទឹក​ប្រាក់​នៃ​អតុ​ល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា -​សហរដ្ឋអាមេរិក ​ក្នុង​ឆ្នាំ ​២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here