ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបួន សារៈមុនីបានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពី ការតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងការបង់កម្រៃសេវាលើការតម្កល់ប្រតិវេទន៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុន តាមកម្មវិធីMini App របស់ប្រព័ន្ធធនាគារដៃគូ ព្រមទាំងពិភាក្សាការងារអំពីការធ្វើAutomation ដែលមានវត្តមានអញ្ជើញចូលរួមពីតំណាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជា
ទី១.រៀបចំឱ្យមានការទូទាត់កម្រៃសេវា តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងបង់កម្រៃសេវាទទួលពាក្យស្នើសុំ អនុវត្តន៍ដីការក្សាការពារ តាមរយៈកម្មវិធីMini App របស់ធនាគារ ABA
ទី២.ការបន្ថែមមុខងារក្នុងប្រព័ន្ធ ដើម្បីបញ្ជាក់ព័ត៌មាន របស់ក្រុមហ៊ុនជាមួយធនាគារ ឱ្យមានភាពងាយស្រួលក្នុងការបង្កើតគណនីសហគ្រាស -ក្រុមហ៊ុន បានឆាប់រហ័ស។
ទី ៣.ការបន្ថែមមុខងារក្នុងប្រព័ន្ធ ដើម្បីអាចធ្វើការកែប្រែទ្រង់ទ្រាយពីសហគ្រាសឯកបុគ្គល ទៅក្រុមហ៊ុនមូលធនបាន ទី៤.ការបន្ថែមមុខងារក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន ម្ចាស់សហគ្រាស-ក្រុមហ៊ុន មុននឹងធ្វើការចុះបញ្ជីពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញឱ្យក្រុមការងារគ្រប់ភាគីទាំងអស់ ខិតខំក្នុងការធ្វើទំនើបកម្មបន្ថែម ដើម្បីសម្រួលនីតិវិធីស្មុគស្មាញក្នុងការចុះបញ្ជីពាណិជ្ជកម្ម និងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ឱ្យកាន់តែប្រសើឡើង៕