ដោយៈ គង់ សូរិយា
អាមេរិកៈ កិច្ចប្រជុំនិទាឃរដូវ ឆ្នាំ២០២៥របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានចាប់ផ្តើមពីថ្ងៃទី២១-២៦ ខែមេសា ឆ្នាំ២០២៥នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។
ភាគីកម្ពុជាបានចូលរួមកិច្ចប្រជុំនេះ ដឹកនាំប្រតិភូដោយលោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
កិច្ចប្រជុំនិទាឃរដូវនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ មុននឹងកិច្ចប្រជុំប្រចាំឆ្នាំ ហើយត្រូវបានធ្វើទ្បើង នៅទីស្នាក់ការកណ្តាលរបស់ IMF និង World Bank ដែលមានការចូលរួមពីថ្នាក់ដឹកនាំមកពីធនាគារកណ្តាលនិងក្រសួងហិរញ្ញវត្ថុ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុដ៏ទៃទៀត។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាព ទស្សនវិស័យ និងបញ្ហាប្រឈមចំពោះស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងក្នុងតំបន់ និងពិភពលោក។
សម្រាប់ឆ្នាំ២០២៥នេះ បរិយាកាសនៃកិច្ចប្រជុំផ្តោតសំខាន់ទៅលើឥទ្ធិពល នៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដែលមានផលប៉ះពាល់ និងបង្កើនភាពមិនច្បាស់លាស់ ដល់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ ក៏ដូចជាតំបន់។
ក្នុងនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចតំបន់ និងសកលលោកផងដែរ។ ស្ថិតក្នុងស្ថានភាពនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងពីវិធានការគោលនយោបាយមួយចំនួន រួមមាន ជំរុញឌីជីថលូបនីយកម្ម និងបញ្ញាសិប្បនិមិ្មត បង្កើនសកម្មភាពពាណិជ្ជកម្មផ្ទៃក្នុងតំបន់ ជំរុញការប្រើប្រាស់ក្នុងស្រុក យកចិត្តទុកដាក់ដល់ការប្រែប្រួលប្រជាសាស្រ្ត និងគាំទ្រយន្តការអន្តរកាលនៃការប្រែប្រួលអាកាសធាតុ ជាដើម។
បន្ថែមពីនេះ ប្រទេសនីមួយៗក៏ត្រូវឆ្លៀតយកឱកាសនេះ ដើម្បីពិនិត្យទ្បើងវិញនូវគោលនយោបាយ ដែលបានដាក់ចេញ ដើម្បីឆ្លើយតបទៅតាមគោលដៅរំពឹងទុកផងដែរ។
នាឱកាសនោះផងដែរ លោករ័ត្ន សុវណ្ណនរៈ ក៏ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ក្នុងកម្មវិធីសម្ពោធមូលនិធិទិន្នន័យ សម្រាប់ការសម្រេចចិត្ត ដំណាក់កាលទី២។
លោកបានជួបពិភាក្សាទ្វេភាគីជាមួយ នាយកដ្ឋានពាក់ព័ន្ធរបស់ IMF សម្ព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ធនាគារកណ្តាលប្រទេសលុចសំបួ និងធនាគារកណ្តាលប្រទេសរវ៉ាន់ដា ដើម្បីបន្តពង្រឹងភាពជាដៃគូនិងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕