ដោយៈ ម៉ាណា
ព្រះសីហនុៈ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកអ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយម្ចាស់អគារជាប់គាំង ដែលមិនទាន់បានដាក់ពាក្យស្នើសុំ នៅក្នុងកម្មវិធីពិសេស “ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។
អភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានលើកឡើងថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ អគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយលោក លោកស្រី ដែលជាម្ចាស់អគារឬក៏ម្ចាស់ក្រុមហ៊ុន អាចស្នើសុំមកក្រុមការងារដើម្បីទទួលបានការលើកទឹកចិត្ត។
ទន្ទឹមនេះ ការលើកទឹកចិត្តបន្ថែម ចំពោះពន្ធលើអចលនទព្យសម្រាប់ គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៥។
ការផ្ដល់ជូននេះមានវិសាលភាពគ្របដណ្ដប់ ចំពោះគម្រោងអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។ ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំ មកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងៗទៀត ក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។
រដ្ឋបាលខេត្ត ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំង និងការសម្របសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង។ ដូចនេះសូមឱ្យម្ចាស់អគារ ឬម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវទៅស្នើសុំ កម្មវិធីពិសេសជំរុញការវិនិយោគឱ្យបានគ្រប់ៗគ្នា ដោយមិនមានបង់ថវិកាអ្វីនោះឡើយ៕