ត្រីមាសទី១ឆ្នាំនេះ រដ្ឋាភិបាលអនុម័តទុនវិនិយោគប្រមាណ២៥០០លានដុល្លារ

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ ម៉ាណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថាក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោវិនិយោគចំនួន១៧២ មានទុនវិ​និយោគប្រមាណ​២៥០០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងបែបនេះ ក្នុងពេលបានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ជាភាសាអង់គ្លេសថា AMRO ដឹកនាំដោយ លោកបណ្ឌិត JINHO CHOI ប្រធានក្រុមសេដ្ឋវិទូ ដែលធ្វើបេសកកម្មស្វែងយល់ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការវិនិ​យោគរបស់កម្ពុជា។

លោកបណ្ឌិត សរ សិនិរ៉ា បានជម្រាបជូនគណៈប្រតិភូយ៉ាងពិស្តារ អំពីស្ថានភាពនៃកំណើនជាបន្តបន្ទាប់ នៃរំហូរការវិនិយោគមកកម្ពុជា ដែលគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ កន្លងទៅ ក.អ .ក. បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន៤១៤ គម្រោង មានទុនវិនិយោគសរុប ប្រមាណ៧ពាន់លានដុល្លារអាមេរិក បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ៣៣ម៉ឺនកន្លែងបន្ថែម ចំនួនគម្រោងនេះ គឺមានកំណើន៤០% ធៀបទៅនឹងឆ្នាំ២០២៣។

លោកបន្តថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រំហូរទុនវិនិយោគមកកម្ពុជា កំពុងបន្តកើនឡើងគួរកត់សម្គាល់ ដែលក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២៥នេះ ក.អ.ក.បានអនុម័តគម្រោងវិនិយោគសរុប ចំនួន១៧២គម្រោង កើនឡើងប្រមាណ១៤% ធៀបទៅនឹងរយៈពេល ៣ ខែដូចគ្នា ក្នុងឆ្នាំ២០២៤ ក្នុងទុនវិនិយោគសរុបប្រមាណ២.៥០០ លានដុល្លារអាមេរិក ដែលបានបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ១២ម៉ឺនកន្លែងបន្ថែមទៀត។

លោកបណ្ឌិតបានចែករំលែក ជាមួយគណៈប្រតិភូផងដែរអំពីផែនការទាក់ទាញវិនិយោគបន្ថែមមកកម្ពុជា និងការធ្វើពិពិធកម្មមុខសញ្ញាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការរក្សាឱ្យបាននូវទំនាក់ទំនងការទូតល្អ ជាមួយប្រទេសជាដៃគូសេដ្ឋកិច្ច និងវិនិយោគ ដើម្បីរក្សាភាពធននៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្ម ដែលគម្រាមកំហែងដល់ពាណិជ្ជកម្មសកលលោក។

ក្នុងឱកាសនោះ លោកបណ្ឌិត JINHO CHOI បានសំដែងការសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរក្សាបាននូវកំណើ​ននៃការទាក់ទាញរំហូរទុនវិនិយោគមកកម្ពុជា និងបង្ហាញនូវការស្ងើចសរសើរចំពោះទស្សនៈវិស័យជាវិជ្ជមាន របស់រាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់ថា កម្ពុជានឹងអាចចាប់យកឱកាស ក្នុងការទាក់ទាញវិនិយោគបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here