ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ ម៉ាណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងថា ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ ដោយបង្កើតទាំងខាងក្នុងប្រទេស ពិសេសមូលដ្ឋានដែលជិតបងប្អូនប្រជាពលរដ្ឋរស់នៅ និងក្រៅប្រទេស ដោយត្រូវឈរលើគុណភាព តាមរយៈការបង្កើនប្រាក់បៀវត្សរ៍ សុខភាព ច្បាប់ និងរបបសន្តិសុខសង្គម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។
សម្តេចបន្តបញ្ជាក់ថា “ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ ដោយបង្កើតទាំងខាងក្នុងប្រទេស ពិសេសក្នុងមូលដ្ឋាន ដែលនៅជិតបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ និងក្រៅប្រទេស”។ សម្តចបន្ថែមថា “ការបង្កើតការងារត្រូវឈរលើគុណភាពជាអាទិភាព គឺ៖ ១/ បៀវត្សកាន់តែកើន, ២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំងមាតាបិតា និងកូនៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ”។
បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា ការវិនិយោគ និងវិស័យការងារ ក៏ដូចជា រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ ដែលជាការវិនិយោគផ្ទាល់ពីវិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖ ចិន,សហរដ្ឋ អាមេរិក, ជប៉ុន, កូរ៉េ, សិង្ហបុរី ជាដើម ហើយអ្វីដែលរិតតែពិសេសគឺមោទនភាព ដែលកូនខ្មែរមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង នៅលើទឹកដីកម្ពុជា ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ លើផលិតផលដែលបានផលិត និងមានដាក់ស្លាក Made in Cambodia សម្រាប់ទាំងការនាំចេញ និងទាំងការលក់ក្នុងស្រុក។
សម្តេចបញ្ជាក់ថា “នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលអាចវិវត្តខ្លួនជាប់រហូត ហើយទទួលបានផលដែលបានបង្ហាញច្បាស់ពីសមត្ថភាព និងការរីកចម្រើន”។
បន្ថែមលើនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យកូនខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើខ្លួនឯង ដោយផ្ដោតលើការកសាងសមត្ថភាព ជំនាញ និងសុខភាព។ ក្រៅពីការបង្កើតការងារក្នុងស្រុក, រាជរដ្ឋាភិបាល ក៏បានស្វែងរកការងារជូនប្រជាពលរដ្ឋ នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីការដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមកដោយបានធ្វើឡើង ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ និងនៅជាធរមាន ។ ជាមួយគ្នានេះ សូមសហជីពស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ឱ្យបានច្បាស់ ដើម្បីងាយស្រួលដោះស្រាយវិវាទការងារ ហើយសូមកុំឱ្យមានភាគីទីបីចូលរួម ដែលអាចនឹងបណ្ដាលឱ្យបញ្ហានៅជាប់គាំង និងសូមកុំយករឿងអ្វីផ្សេងទៅពាក់ព័ន្ធនឹងវិវាទ ដែលកំពុងដោះស្រាយ។ ជាក់ស្តែង រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាឡើយ ហើយការដោះស្រាយបញ្ហា គឺត្រូវដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងស្របតាមច្បាប់។
សម្តេចបញ្ជាក់ថា “និយោជក និងកម្មករ និយោជិត ប្រៀបដូចជាប្ដី និងប្រពន្ធ ចំណែកឯរាជរដ្ឋាភិបាល គឺជាអណាព្យាបាល”។សម្តេចបន្តថា “ហេតុនេះ សូមជំរុញសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស ស្របតាមទិសស្លោក “ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដើម្បីថែរក្សាបរិស្ថានទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា”៕