ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)បាននិងកំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការ រៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក។
លោកប៉េង ពោធិ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៥ មេសា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) លើការរៀបចំផែនការមេនេះ។ ប្រតិភូជប៉ុនដឹកនាំដោយ លោក SANJO AKIHITO អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក ដោយមានការចូលរួមពីលោក លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ការរៀបចំផែនការមេអភិវឌ្ឍន៍ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រីកសក្តានុពល នៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើម ដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០៕