ដោយៈ ម៉ាណា
ភ្នំពេញៈ ប្រតិបត្តិការអាជីវកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ(PPAP) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណនាវាដឹកទំនិញ ចំនួនកុងតឺន័រឆ្លងកាត់ និងប្រាក់ចំណូល បានកើនឡើងព្រមគ្នាក្នុងរង្វង់៣០ភាគរយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានឱ្យដឹងថា សេវាកម្មអនុវត្តសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥(ពុំទាន់ធ្វើសវនកម្ម) គឺមានបរិមាណទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់ចំនួន១,២៩៥,៦៨៥ តោន កើនឡើង៣១,៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំណែកបរិមាណកុងតឺន័រឆ្លងកាត់ គឺ១២១, ៤២៥ ធីអ៊ីយូ(TEU) កើនឡើង៣០,៣៥ភាគរយ និងនាវាដឹកទំនិញមានចំនួនសរុប៨៩៧គ្រឿង កើនឡើង២៧,២៣ភាគរយ។
ដោយឡែកប្រាក់ចំណូលសរុបដែល PPAP រកបានក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គឺប្រមាណ១០,៤១លានដុល្លារ កើនឡើង២៩ ភាគរយ។ ប្រភពចំណូលទាំងនេះរួមមាន ចំណូលពីប្រតិបត្តិការផែចំណូលពីអាជ្ញាធរផែ និងចំណូលពីសេវាកម្មផ្សេងៗ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា វឌ្ឍនភាពក្នុងវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា មានសន្ទុះខ្លាំងចាប់តាំងពីចុងឆ្នាំ២០២៣ មក ដោយសារការកើនឡើងនៃអ្នកវិនិយោគ ដែលចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ដែលកំពុងជួយរុញច្រានឱ្យមានការកើនឡើងក្នុងវិស័យការដឹកជញ្ជូនទំនិញ។
លោកបញ្ជាក់ថា “សម្រាប់ឆ្នាំ ២០២៥ នេះ យើងកត់សម្គាល់ឃើញពាក់ព័ន្ធ ជាមួយអ្នកវិនិយោគក្នុងចុងឆ្នាំ២០២៤ បានបង្ហាញការកើនឡើងជាងឆ្នាំ២០២៣ អ៊ីចឹងសម្រាប់ឆ្នាំនេះ គឺខ្ញុំមានជំនឿថាអាចនឹងល្អប្រសើរជាងឆ្នាំ ២០២៤បន្ថែមទៀត ជាក់ស្តែងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៥នេះ”។
យោងតាមរបាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណនាវាឆ្លងកាត់ មានចំនួន៤,៨៩៤គ្រឿង កើនឡើង២៦,៨២ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ចំណែកចំនួនកុងតឺន័រ ឆ្លងកាត់ ៤៨០ ២០០ធីអ៊ីយូ(TEU) កើនឡើង២១,១៩ ភាគរយ និងទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់៤,៨០៦,៦៥៤តោន កើន១៥.៩១ភាគរយ៕