ដោយៈ ម៉ាណា
ភ្នំពេញៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានជួបប្រជុំទ្វេភាគីជាលើកទី១ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ខណៈកិច្ចប្រជុំនេះធ្វើឡើង១ថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវការ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជាក្នុងថ្ងៃនេះ។
យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារាត្រីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា -សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
លិខិតបានបន្តថា កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនទៅកាន់លោកប្រធានាធិបតីអាមេរិក Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈ សុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លិខិតបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈ ក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចា ឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនង ពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរ បានឯកភាពបន្តការពិភាក្សា ក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។
រដ្ឋបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី Donald J. Trump កាលពីថ្ងៃទី៣ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការដំឡើងពន្ធគយ សម្រាប់ការនាំចូលទំនិញពីស្ទើរគ្រប់ប្រទេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។
ទោះយ៉ាងណានៅពេលកាលបរិច្ឆេទចូលមកដល់ លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗ ជួបចរចាទ្វេរភាគី ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
កម្ពុជាត្រូវបានសហរដ្ឋអាមេរិក កំណត់យកពន្ធទំនិញក្នុងអត្រា ៤៩ភាគរយ ដែលជាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ាន។ ការកំណត់អត្រាពន្ធថ្មីនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើចំនួន ទឹកប្រាក់នៃអតុល្យភាពជញ្ជីងពាណិជ្ជកម្ម ទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៤។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា សហរដ្ឋអាមេរិកមានទឹកប្រាក់សរុប១០,១៨ ពាន់លានដុល្លារ កើនឡើង១១,២ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក៩,៩ពាន់លានដុល្លារ កើនឡើង១១,៤ភាគរយ និងអាមេរិកនាំមកកម្ពុជា ២៦៤,១៥លានដុល្លារ កើន២,៧ ភាគរយ។
ជំនួបចរចារវាងតំណាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ខាងលើបានធ្វើឡើងនៅមុន១ថ្ងៃ នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជាចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥៕