ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារការរំពឹងទុកនៃការផ្គត់ផ្គង់កាន់តែតានតឹង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីទប់ស្កាត់ការនាំចេញប្រេងរបស់អុីរ៉ង់ ហើយសមាជិកមួយចំនួននៃអង្គការ OPEC បានប្តេជ្ញាបន្តកាត់បន្ថយការផលិតប្រេង។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥៥សេន ឬ០,៨ភាគរយ ដល់៦៦,៤០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0321 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៦៦សេនដល់៦៣,១៣ដុល្លារក្នុងមួយបារ៉ែល។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ចេញទណ្ឌកម្មថ្មី ដោយកំណត់គោលដៅលើការនាំចេញប្រេងរបស់ប្រទេសអុីរ៉ង់កាលពីថ្ងៃពុធម្សិលមិញ ដើម្បីបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់។
បន្ថែមលើការព្រួយបារម្ភអំពីការផ្គត់ផ្គង់ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ទទួលបានផែនការបច្ចុប្បន្នភាពពីប្រទេសអុីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសផ្សេងទៀត ដែលគ្រោងបន្តកាត់បន្ថយការផលិតប្រេងឆៅបន្ថែមទៀត៕