ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនកំដៅសង្គ្រាមពាណិជ្ជកម្ម តាមរយៈការប្រកាសដំឡើងពន្ធដល់អត្រា១២៥ភាគរយលើទំនិញនាំចូលមកពីប្រទេសចិន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៧៧សេន ឬ១,១៨% មកនៅត្រឹម៦៤,៧១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0320 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៦៥សេន ឬ១,០៤% មកនៅត្រឹម៦១,៧ដុល្លារក្នុងមួយបារ៉ែល។
ការកើនឡើងកំដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអាចជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងឆៅលើពិភពលោក គួបផ្សំនឹងការប្រកាសផែនការបង្កើនការផលិតប្រេងដោយអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ជាកត្តានាំឱ្យតម្លៃប្រេងធ្លាក់ចុះ៕