ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៤ឆ្នាំនៅក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ស្របពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការប្រេងឆៅសកល បណ្តាលមកពីសង្គ្រាមពន្ធគយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២,១៣ដុល្លារមកនៅត្រឹម៦០,៦៩ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0108 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ២,៣៦ដុល្លារមកនៅត្រឹម៥៧,២២ដុល្លារក្នុងមួយបារ៉ែល។
មន្ត្រីសេតវិមានមួយរូបបានអះអាងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ១០៤ភាគរយលើទំនិញមកពីប្រទេសចិនចាប់ពីម៉ោងសកល 0401 GMT បន្ទាប់ពីទីក្រុងប៉េកាំងមិនបានលុបចោលពន្ធសងសឹករបស់ខ្លួនទៅលើទំនិញអាមេរិក៕