ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រ (Taxonomy) សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះ គោលបំណងផ្តល់វេទិកាពិភាក្សា និងពិគ្រោះយោបល់ ក្នុងចំណោមអាជ្ញាធរតាមវិស័យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគម វិនិយោគិន និងភាគីពាក់ព័ន្ធនានាផ្សេងៗទៀត ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះ។
ឯកសារប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីជាប្រព័ន្ធ ចាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ច ឬការវិនិយោគប្រកបដោយចីរភាព សម្រាប់វិស័យអាទិភាពចំនួន ៣រួមមាន វិស័យថាមពល វិស័យសំណង់ និងវិស័យដឹកជញ្ជូន។
ប្រព័ន្ធវដ្តករសាស្ត្រនេះ នឹងរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងជួយពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចបៃតង តាមរយៈការពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលអំណោយផល សម្រាប់គម្រោងវិនិយោគបៃតង សំដៅជំរុញដំណើរអភិវឌ្ឍន៍ប្រកបដោយចីរភាព៕