មន្រ្តីជាន់ខ្ពស់CDCដឹកនាំពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទងនឹងបញ្ហាដំឡើងពន្ឋរបស់អាមេរិក

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានដឹកនាំកិច្ចប្រជុំពិភា ក្សាជាមួ​យអ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានាក្នុងរដ្ឋបាលតំបន់ និងវិនិយោគិនមួយចំនួននៅក្នុងតំបន់ផងដែរ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រ ឈមនានានៅក្នុងតំបន់។

បន្ទាប់ពី លោកស្រីអគ្គនាយិកា តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបស្តីពីវឌ្ឍនភាព របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុរួចមក វិនិយោគិនដែលអញ្ជើញមក ពីតំណាងក្រុមហ៊ុនផ្សេងៗក៏បានលើកឡើង នៅក្នុងអង្គប្រជុំនេះនូវបញ្ហាមួយចំនួន រួមមាន ១) បញ្ហាប្រឈមដែលក្រុមហ៊ុនបាននិងកំពុងជួបប្រទះ ២) ការកង្វល់ទៅលើបញ្ហាពន្ធដែលសហរដ្ឋអាមេរិក បានកំណត់មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ និង៣) សំណូមពរមួយចំនួនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោកជា វុទ្ឋីបានជម្រាបជូននូវទិដ្ឋភាពពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងការផ្តល់កិច្ចសម្រួលនានាជូនអ្នកវិនិយោគ របស់មន្រ្តីតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេស ដោយលោកបានជម្រាបជូនអំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែខ្វល់ខ្វាយ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់វិនិយោគិន។

 ជាក់ស្តែងករណីបញ្ហាពន្ធ ដែលបានលើកឡើងខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២៥មកម្លេះ ហើយបន្ទាប់ពី លោក ដូណាល់ ត្រាំ បានប្រកាសពត៌មានអំពីការកំណត់ពន្ធ ទៅលើបណ្តាប្រទេសនានា រួមទាំងប្រទេសកម្ពុជា នោះរាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់ ជាបន្តបន្ទាប់ដើម្បីប្រមូលនូវធាតុចូលនានា ដើម្បីពិនិត្យ និងឆ្លើយតបទៅនឹងភាគីសហរដ្ឋអាមេរិកវិញផងដែរ។

ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតផ្លូវការចំនួន២ ដែលចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មក្នុងគោលបំណងស្នើឱ្យមានកិច្ចចរចារទ្វេរភាគី រវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។ ការបង្ហាញឆន្ទះ ក្នុងការបញ្ចុះអត្រាពន្ធរបស់កម្ពុជា ក្នុងកម្រិតអតិប្បរមាពី៣៥% មកនៅត្រឹម៥%, និងស្នើឱ្យមានការពន្យាពេលសម្រាប់អនុវត្តន៍អត្រាពន្ធដែលបានកំណត់។

ទន្ទឹមគ្នានេះដែរ លោកជា វុទ្ឋី បានស្នើដល់មន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ ដើម្បីទទួលដំណើរទស្សកិច្ចដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលគ្រោងនឹងអញ្ជើញ ធ្វើដំណើរទស្សកិច្ចមកកាន់តំបន់តំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ នាចុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ ព្រមទាំងបានផ្តល់អនុសាសន៍ ដល់មន្ត្រីតំណាងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន គាំទ្រនិងជួយសម្របសម្រួលនីតិវិធីជូនក្រុមហ៊ុនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យក្នុងការវិនិយោគនៅប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here