ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះមកនៅក្រោម៧០ដុល្លារក្នុងមួយបារ៉ែលក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលមានការព្រួយបារម្ភថា ការប្រកាសដំឡើងពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចជះផលប៉ះពាល់ដល់តម្រូវការប្រេងសកល។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣១សេន ឬ០,៤% មកនៅត្រឹម៦៩,៨៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0157 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣២សេន ឬ០,៥% មកនៅត្រឹម៦៦,៦៣ដុល្លារក្នុងមួយបារ៉ែល។
ជាមួយគ្នានេះ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) គ្រោងបង្កើនការផលិតប្រេងបន្ថែមចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃទៅកាន់ទីផ្សារក្នុងខែឧសភា ឆ្នាំ២០២៥ បើធៀបនឹងផែនការដំបូង ដែលគ្រោងបង្កើនការផលិតប្រេងត្រឹមតែ១៣៥.០០០បារ៉ែលក្នុងមួយថ្ងៃ៕