ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភថា សង្រ្គាមពាណិជ្ជកម្មពិភពលោកអាចនឹងធ្វើឱ្យតម្រូវការប្រេងឆៅសកលធ្លាក់ចុះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១,៩៧ដុល្លារ ឬ២,៦៣ភាគរយ មកនៅត្រឹម៧២,៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0033 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១,៩៨ដុល្លារមកនៅត្រឹម៦៩,៧៣ដុល្លារក្នុងមួយបារ៉ែល។
លោក Bjarne Schieldrop ប្រធានក្រុមអ្នកវិភាគនៅក្រុមហ៊ុន SEB បានអះអាងថា “ការដំឡើងពន្ធនេះនឹងជះផលអវិជ្ជមានលើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ដែលអាចឈានទៅធ្វើឱ្យកំណើនតម្រូវការប្រេងឆៅថយចុះ។ ប៉ុន្តែ យើងមិនទាន់អាចដឹងច្បាស់អំពីទំហំនៃផលប៉ះពាល់នោះទេ”៕