ដោយៈ និស្ស័យ
ប្រទេសថៃៈ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន Tipco Asphalt (Cambodia) Company Limited) ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការសាងសង់ផ្លូវថ្នល់ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ។
គណៈប្រតិភូនៃមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើទស្សនកិច្ចនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងស្វែងយល់ពីដំណោះស្រាយចុងក្រោយបង្អស់ សម្រាប់ការកសាងបណ្តាញដឹកជញ្ជូន ប្រកបដោយនិរន្តរភាព និងប្រើប្រាស់បានយូរ។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុននេះ នឹងប្រើប្រាស់បទពិសោធន៍ និងជំនាញដ៏ទូលំទូលាយរបស់ ធីបកូ អាស្ផាល់ (TIPCO Asphalt) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងកសាងប្រព័ន្ធដឹកជញ្ជូនដែលធន់។
លោកអគ្គនាយកសាធារណការ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរនេះជាមួយ ធីបកូ អាស្ផាល់ (TIPCO Asphalt) គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ខណៈដែលយើងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ ដែលនឹងបម្រើប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
លោកបញ្ជាក់ថា “តាមរយៈការផ្តោតលើសម្ភារកម្រិតខ្ពស់ ការអនុវត្តប្រកបដោយនិរន្តរភាព និងការរចនាដ៏រឹងមាំ យើងអាចកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើបណ្តាញដឹកជញ្ជូនរបស់យើង”។
កិច្ចសហប្រតិបត្តិការនេះ ក៏គូសបញ្ជាក់ផងដែរ ពីសារៈសំខាន់នៃការចែករំលែកចំណេះដឹងក្នុងតំបន់ និងការផ្ទេរបច្ចេកវិទ្យា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ដោយប្តេជ្ញាលើកកម្ពស់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តល្អបំផុត ដើម្បីបង្កើតអនាគតកាន់តែមាននិរន្តរភាព និងភាពធន់សម្រាប់វិស័យដឹកជញ្ជូនរបស់កម្ពុជា៕