តើរដ្ឋធម្មនុញ្ញអាមេរិកមានចន្លោះប្រហោង ដែលអាចឱ្យលោកដូ ណាល់ ត្រាំ បន្តធ្វើជាប្រធានាធិបតីនៅអាណត្តិទី៣ ឬយ៉ាងណា?

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ដូណាល់ ត្រាំ ដែលកំពុងកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២នេះ បាន​អះអាង​ថា លោក​មិន​និយាយ​លេង​សើចទេ​អំពី​ការ​ចង់​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅអាណត្តិ​ទី​៣បន្តទៀត។

យោងតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចែងថា “គ្មានបុគ្គលណាម្នាក់អាចកាន់តំណែងជាប្រធានាធិបតីលើសពី២អាណត្តិនោះទេ”។ ក្នុងករណីលោក ត្រាំ មានបំណងធ្វើ វិសោធនកម្មលើរដ្ឋធម្មនុញ្ញ នោះលោកត្រូវការសេចក្តីអនុម័តយល់ព្រមសំ៉ឡេងពីរភាគបីពីព្រឹទ្ធសភា និងសភាតំណាង និងត្រូវការសំឡេងគាំទ្រចំនួនបីភាគបួនពីរដ្ឋបាលថ្នាក់រដ្ឋសរុបចំនួន៥០រដ្ឋ។

បច្ចុប្បន្ន គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ គ្រប់គ្រងសភាទាំង២។ ប៉ុន្តែ គណបក្សសាធារណរដ្ឋមិនមានសំឡេងភាគច្រើននោះទេ។ លើសពីនេះ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋចំនួន១៨ ក្នុងចំណោមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី ក្រុមអ្នកគាំទ្រមួយចំនួនរបស់លោក ដូណាល់ ត្រាំ នៅតែជឿថា អាចមានវិធីធ្វើឱ្យលោក ត្រាំ ឈរឈ្មោះនៅអាណត្តិទី៣។

ក្រុមអ្នកគាំទ្រលោក ត្រាំ អះអាងថា រដ្ឋធម្មនុញ្ញមានចន្លោះប្រហោង ព្រោះវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២២កាលពីឆ្នាំ១៩៥១ គ្រាន់តែហាមប្រាមបុគ្គលម្នាក់មិនឱ្យជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើសពី២ដង។ ប៉ុន្តែ រដ្ឋធម្មនុញ្ញមិនបានហាមឃាត់មិនឱ្យបុគ្គលណាម្នាក់ក្លាយជាប្រធានាធិបតីតាមរយៈការស្នងតំណែងនោះទេ។

តាមរយៈទ្រឹស្ដីនេះ លោក ត្រាំ អាចឈរឈ្មោះជាអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងជាមួយបេក្ខជនម្នាក់ទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨ ឬក៏អាចប្រហែលជាលោក JD Vance អនុប្រធានាធិបតីអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ នាពេលបច្ចុប្បន្ន។

ប្រសិនបើគណបក្សសាធារណៈរដ្ឋឈ្នះ បេក្ខជនប្រធានាធិបតីជាប់ឆ្នោតអាចនឹងត្រូវស្បថចូលសេតវិមាន ហើយលាលែងពីតំណែងភ្លាមៗ ដោយអនុញ្ញាតឱ្យលោក ត្រាំ មានឱកាសស្នងតំណែងជាប្រធានាធិបតីនៅអាណត្តិទី៣។

លោក Andy Ogles តំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីបក្សសាធារណៈរដ្ឋ បានអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវអនុញ្ញាតឱ្យប្រធានាធិបតីអាចកាន់តែតំណែងចំនួន៣អាណត្តិ ដរាបណាប្រធានាធិបតីរូបនោះមិនបានជាប់ឆ្នោតចំនួន២អាណត្តិដំបូងជាប់ៗគ្នា។

ប្រសិនបើសំណើរបស់លោក Andy Ogles ទទួលបានជោគជ័យ នេះមានន័យថា មានតែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ ដែលមានសិទ្ធិបន្តកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី៣។ លោក ត្រាំ បានឈ្នះឆ្នោតនៅឆ្នាំ២០១៦ ហើយចាញ់នៅឆ្នាំ២០២០ និងបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០២៤។នេះមានន័យថា លោក ត្រាំ កាន់តំណែងជាប្រធានាធិបតីចំនួន២អាណត្តិមិនជាប់គ្នា។

ផ្ទុយទៅវិញ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama លោក Bill Clinton និងលោក George W Bush ដែលបានកាន់តំណែងចំនួន២អាណត្តិជាប់ៗគ្នា នឹងមិនអាចត្រឡប់មកធ្វើជាប្រធានាធិបតីនៅអាណត្តិទី៣បានទេ៕ប្រភព: BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here