ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Shun Ishimoto នាយកប្រតិបត្តិ(អាជីវកម្មក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុមហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជំនួបនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញអំពី បេសកកម្មនិងចក្ខុវិស័យ, ជំនាញឯកទេសនិងប្រវត្តិប្រតិបត្តិការ របស់ក្រុមហ៊ុន Regional Fish Institute, Ltd. ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការចង្អុលបង្ហាញ នឹងអាចឈានទៅរកការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការណាមួយជាមួយស្ថាប័នពាក់ព័ន្ធនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម(Aquaculture) ដោយប្រើប្រាស់បច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់ (Bio-Technology) ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារគុណភាពជលផលដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនជាគំនិតក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីទិដ្ឋភាពទូទៅនៃកិច្ចការវារីវប្បកម្មតាមបច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់នេះ ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យសមស្របតាមបទដ្ឋានពាក់ព័ន្ធនានា និងបង្ការការពារផលប៉ះពាល់ណាមួយដល់ប្រព័ន្ធជីវៈចម្រុះរបស់កម្ពុជាដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here