មហាអំណាចនៅអាស៊ីជម្រុញកិច្ចសហការលើពាណិជ្ជកម្មចំពេលមានភាពតានតឹងជាមួយអាមេរិក

ដោយៈ គង់ ម៉ាណា

    អន្តរជាតិៈ មេដឹកនាំប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មលើកដំបូង​ ក្នុងរយៈពេល៥ឆ្នាំ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មហាអំណាចសេដ្ឋកិច្ចទាំងបី បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកូរ៉េខាងត្បូង-ជប៉ុន-ចិន។ ជំហាននេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់​ ត្រាំ ដែលបានដាក់ចេញនូវពន្ធគយថ្មីៗ រួមទាំងពន្ធលើការនាំចូលរថយន្ត ដែលប៉ះពាល់ដល់ប្រទេសនាំចេញសំខាន់ៗនៅអាស៊ី។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Ahn Duk-geun បានបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលប្រទេសទាំងបីជាភាគីផងដែរ។

លោកបានលើកឡើងថា RCEP នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតក្របខ័ណ្ឌ សម្រាប់ការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងបី តាមរយៈការចរចាលើ FTAត្រីភាគី”។

ការប្រជុំនេះធ្វើឡើង បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ អំពីការដាក់ពន្ធបន្ថែម ដែលត្រូវបានគេបកស្រាយថា ជាការគំរាមកំហែងដល់ភាពជាដៃគូពាណិជ្ជកម្ម ដែលមានស្រាប់របស់ទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាមានភាពស្មុគស្មាញ ក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកជុំវិញបញ្ហាប្រវត្តិសាស្រ្ត និងភូមិសាស្ត្រក៏ដោយ ក៏ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានយល់ព្រមបន្តកិច្ចសន្ទនា និងគ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកក្រោយនៅប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here