ដោយៈ ម៉ាណា
ភ្នំពេញៈ ផលិតកម្មគ្រាប់ស្វាយចន្ទី(កែច្នៃ) កម្ពុជាបានចាប់ផ្តើមបង្ហាញសក្តានុពលរបស់ខ្លួន ជាមួយនឹងទីផ្សារនាំចេញកាន់តែពង្រីកការធ្វើពាណិជ្ជកម្មលើឆាកអន្តរជាតិ។
ជាក់ស្តែងក្រុមហ៊ុនមកពីកោះតៃវ៉ាន់ គ្រោងនឹងបញ្ជាទិញក្នុងបរិមាណ៣ពាន់តោន សម្រាប់នាំចេញទៅទីផ្សារកោះតែវ៉ាន់។ នេះបើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
លោក ស៊ីឡុត បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីពិនិត្យឃើញសក្តានុពល គុណភាព និងរសជាតិនៃផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់ Ju Hua Chang International Co., Ltd បានបង្ហើបពីគម្រោងក្នុងការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរួច ពីបណ្តាសិប្បកម្ម/រោងចក្រនៅកម្ពុជាក្នុងបរិមាណ៣ពាន់តោន សម្រាប់នាំចេញទៅទីផ្សារកោះតៃវ៉ាន់ ខណៈកាលពីសប្តាហ៍មុន ក្រុមហ៊ុនទើបនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃជាង២តោន(២៣១៣គីឡូក្រាម) ទៅទីផ្សារតៃវ៉ាន់ ពីការបញ្ជាទិញពីសហគ្រាសចំនួន២ នៅកំពង់ធំ និងបន្ទាយមានជ័យ។
លោកបញ្ជាក់ថា “នេះជាការបើកផ្លូវដំបូង សម្រាប់គម្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកោះតៃវ៉ាន់របស់ក្រុមហ៊ុនខាងលើ”។
លោកបន្តថា សម្រាប់ផែនការបញ្ជាទិញ ក្នុងបរិមាណ៣ពាន់តោននាពេលខាងមុខ គឺពាណិជ្ជករតៃវ៉ាន់ ហ៊ានឱ្យតម្លៃខ្ពស់ជាងបណ្តាពាណិជ្ជករបរទេសដទៃទៀត ហើយព្រមទាំងហ៊ានចុះកិច្ចសន្យាផ្តល់ជាទុនបង្វិល ៥០ភាគរយមុនដើម្បីឱ្យសហគ្រាសផលិត(សិប្បកម្ម/រោងចក្រ) មានថវិកាយកទៅប្រមូលទិញ គ្រាប់ឆៅមកស្តុកទុកសម្រាប់កែច្នៃតាមការបញ្ជាទិញរបស់ខ្លួន។
លោកបញ្ជាក់ថា “សម្រាប់រយៈពេល៣ឆ្នាំ គឺក្រុមហ៊ុននេះគ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទី កែច្នៃពីកម្ពុជាក្នុងបរិមាណ៣ពាន់តោន ដែលស្មើនឹងប្រហែល៣០ភាគរយ នៃតម្រូវការក្នុងទីផ្សារតៃវ៉ាន់”។
លោកបន្តថា ដោយសារបរិមាណនេះច្រើន ដូច្នេះក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ ពីសមាគមស្វាយចន្ទីកម្ពុជា ដើម្បីស្វែងរកសហគ្រាសណាដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការតាំងចិត្តខ្ពស់ដើម្បីធ្វើការជាមួយគ្នា។
រហូតមកដល់ពេលនេះ មានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣ រួចហើយដែលបានព្រមព្រៀងកែច្នៃ គ្រាប់ស្វាយចន្ទីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Ju Hua Chang International Co., Ltd។
លោកអះអាងថា “យើងរំពឹងថា នឹងអាចមានសិប្បកម្ម/រោងចក្របន្ថែមទៀតយល់ព្រមជាមួយក្រុមហ៊ុន Ju Hua Chang International Co., Ltd ដើម្បីកែច្នៃ និងលក់ទៅឱ្យក្រមហ៊ុនតាមតម្រូវការ”។
នៅលើទីផ្សារតៃវ៉ាន់ តម្រូវការគ្រាប់ស្វាយចន្ទីកែច្នៃមានបរិមាណប្រហែល១០,០០០តោនក្នុង១ឆ្នាំ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីកែច្នៃដាក់លក់នៅលើទីផ្សារតែវ៉ាន់ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងឥណ្ឌា។
បច្ចុប្បន្នក្រៅពីក្រុមហ៊ុន Ju Hua Chang International Co., Ltd ក៏មានក្រុមហ៊ុនអង់គ្លេសមួយ បានបញ្ជាទិញគ្រាប់កែច្នៃពីសិប្បកម្មនៅខេត្តស្ទឹងត្រែង ដោយគ្រោងនឹងនាំចេញក្នុងខែឧសភា ខាងមុខក្នុងបរិមាណ៥០០តោន។
ដោយឡែកក៏មានក្រុមហ៊ុនជប៉ុន បានប្រកាសទិញគ្រាប់ស្វាយចន្ទីចំនួន៤០០តោន ពីសហគមន៍កសិកម្មទំនើប ក្នុងខេត្តកំពង់ធំផងដែរ។
គិតរហូតដល់ពេលនេះ កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន៥២ ក្នុងនោះ៦ជារោងចក្រធុនមធ្យម(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០,០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក៤៨ សហគ្រាសផ្សេងទៀត ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ ១ឆ្នាំឡើយ។
ទិន្នផលគ្រាប់ស្វាយចន្ទីឆៅ(មិនទាន់កែច្នៃ) ដែលប្រមូលបានក្នុងឆ្នាំ ២០២៤ គឺមាន៨៥០,០០០តោន ក្នុងនោះការនាំចេញគ្រាប់ឆៅទៅក្រៅប្រទេសមានចំនួន៨១៥,០០០តោន កើនឡើង២១ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ បើគិតជាប្រាក់ គឺមានប្រមាណ ១,១៥ ពាន់លានដុល្លារ កើនឡើង២៦,១៥ភាគរយ។
ដោយសារមិនមានទុនបង្វិល និងសិប្បកម្មកែច្នៃគ្រាប់គ្រាន់ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ប្រទេសវៀតណាម ក្នុងបរិមាណប្រហែល៧៩៥,០០០ តោន ឬស្មើនឹង ៩៧,៥៤ ភាគរយនៃបរិមាណការនាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបរបស់កម្ពុជា។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា នៅកម្ពុជាបច្ចុប្បន្នអាចមានផ្ទៃដីដាំដុះ ស្វាយចន្ទីប្រហែល ៧០០,០០០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ៥៨០,១១៧ហិកតា ក្រៅពីនោះជាផ្ទៃដីដាំដុះថ្មី។
ស្វាយចន្ទីមានដាំនៅស្ទើគ្រប់ខេត្ត ប៉ុន្តែភាគច្រើននៅក្នុងខេត្តកំពង់ធំ ក្រចេះ រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា៕