ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដោយនៅខេត្តមណ្ឌលគិរី មានការអញ្ជើញចូលរួមជាសហប្រធានដោយ ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៤នាក់។ ចំណែកឯនៅខេត្តរតនគិរី មានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំដោយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៤០នាក់។
កិច្ចប្រជុំបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
តាមរយៈការរាយការណ៍អំពីសកម្មភាពអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរីរួចមក ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី ត្រូវសហការគ្នាអនុវត្តការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសយានយន្តដែលមានតទ្រុងបន្ថែម។ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងការកោតសរសើរចំពោះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តរតនគិរី ដែលបានអនុវត្តការងារបានយ៉ាងល្អធានាបានការទប់សហកាត់ការដឹកលើសកម្រិតកំណត់បង្កមកពីការតទ្រុងបន្ថែមនេះ។
ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តនូវចំណុចរួមចំនួន៦ រួមមាន៖ ១. ចុះអនុវត្តការងារឱ្យបានញឹកញាប់ ២.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៣.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណសម្បត្តិសមស្រប ដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៤.ធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេច (ថ្មី) ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ៥.ស្វែងរកទីតាំងសមស្របដើម្បីលើកសំណើសុំសាងសង់ស្ថានីយថ្លឹងយានយន្ត (សម្រាប់ខេត្តមិនទាន់មានស្ថានីយថ្លឹងរថយន្ត) ៦.លុបបំបាត់វប្បធម៌អន្តរាគមន៍។
សូមកត់សម្គាល់ថា ដើម្បីពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការដឹកជញ្ជូនលើលកម្រិតកំណត់ដែលបង្កមកពីការកែច្នៃតទ្រុងបន្ថែមខុសពីលក្ខណៈបច្ចេកទេសនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានបំពេញការងារតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់រាជធានី ខេត្ត គិតមកត្រឹមពេលនេះ សម្រេចបានចំនួន ១៧ខេត្ត រួចមកហើយ និងនៅសល់រាជធានី ខេត្ត ៨ទៀត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube