លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)

(ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នៅក្នុងកិច្ចប្រជុំថ្ងៃទី២នេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រទេសសមាជិកដែលបានចូលរួមផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាកាលពីថ្ងៃទី១នៃកិច្ចប្រជុំ ព្រមទាំងបានធ្វើការឆ្លើយតបទៅនឹងចំណុចសំខាន់ៗមួយចំនួន ដែលសមាជិកបានលើកឡើងទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច, បរិយាកាសពាណិជ្ជកម្មនិងវិនិយោគ, និងគោលនយោបាយពាណិជ្ជកម្មតាមវិធានការនិងវិស័យរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនៅពេលដែលកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ និងបានស្នើឱ្យមានការជួយគាំទ្រពីសមាជិកទាំងអស់ ជាពិសេសតាមរយៈការផ្តល់រយៈពេលអន្តរកាលសម្រាប់ភាពអនុគ្រោះ និងប្រព្រឹត្តកម្មពិសេសជាដើម។

ក្នុងឱកាសនោះ ប្រទេសជាសមាជិកក៏បានសម្តែងនូវការអបអរសាទរដល់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយជោគជ័យ ព្រមទាំងកោតសរសើរចំពោះការអនុវត្តគោលនយោបាយពាណិជ្ជកម្មដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបាននាំឱ្យមានការអភិវឌ្ឍន៍ជាលំដាប់ក្នុងការឈានទៅដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជារំពឹងថានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here