ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ។ប៉ុន្តែ តម្លៃប្រេងឆៅបានកើនឡើងក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពន្ធលើបណ្តាប្រទេស ដែលទិញថាមពលពីប្រទេសវេណេហ្ស៊ុយអេឡា និងរឹតបន្តឹងការនាំចេញប្រេងរបស់អុីរ៉ង់។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៨សេន ឬ០,១ភាគរយមកនៅត្រឹម៧៣,៩៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0213 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៨សេនមកនៅត្រឹម៦៩,៨៤ដុល្លារក្នុងមួយបារ៉ែល។
ការកើនឡើងនៃតម្លៃប្រេងឆៅក្នុងសប្តាហ៍នេះ ក៏ត្រូវបានជំរុញដោយសញ្ញាវិជ្ជមាននៃតម្រូវការថាមពលនៅសហរដ្ឋអាមេរិក ខណៈស្តុកប្រេងឆៅរបស់ប្រទេសនេះបានធ្លាក់ចុះអស់ចំនួន៣,៣លានបារ៉ែលកាលពីសប្តាហ៍មុន៕